ជប៉ុន និងសហរដ្ឋអាមេរិក រៀបផែនការដើម្បីជួយតៃវ៉ាន់ ប្រសិនបើចិនបើកការវាយប្រហារពិតមែននោះ

តូក្យូ៖យោងតាមប្រភពពីរដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា កងកម្លាំងស្វ័យការពារ និងយោធាសហរដ្ឋអាមេរិក បានរៀបចំផែនការប្រតិបត្តិការរួមគ្នាមួយ ដែលនឹងអនុញ្ញាតឱ្យមានការរៀបចំមូលដ្ឋានវាយប្រហារតាមបណ្តោយខ្សែសង្វាក់កោះ Nansei ភាគនិរតី ក្នុងករណីមានឧបទ្ទវហេតុកើតឡើងនៅតៃវ៉ាន់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Japan Time។

ប្រភពបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកទំនងជានឹងយល់ព្រមចាប់ផ្តើមការងារដើម្បីធ្វើផែនការប្រតិបត្តិការជាផ្លូវការ ខណៈប្រមុខការពារជាតិ និងបរទេសរបស់ពួកគេជួបគ្នានៅដើមខែមករា ក្រោមក្របខ័ណ្ឌ “ពីរបូកពីរ” ។

ប្រទេសចិនបានចាត់ទុកកោះតៃវ៉ាន់ ត្រឹមតែជាតំបន់មួយរបស់ខ្លួនប៉ុណ្ណោះ ដោយស្របទៅតាមច្បាប់អន្តរជាតិ ស្របពេលដែលចិនចង់បង្រួបបង្រួមជាមួយដីគោកឡើងវិញ ដោយបង្ខំប្រសិនបើចាំបាច់។

នៅក្រោមផែនការព្រាងនេះ កងម៉ារីនអាមេរិកនឹងបង្កើតមូលដ្ឋានវាយប្រហារបណ្តោះអាសន្ននៅដំណាក់កាលដំបូងនៃភាពអាសន្ននៅលើកោះ Nansei ដែលលាតសន្ធឹងភាគនិរតីពីខេត្ត Kagoshima និង Okinawa ឆ្ពោះទៅកាន់កោះតៃវ៉ាន់។ Kyushu គឺជាកោះធំបំផុតមួយក្នុងចំណោមកោះធំៗទាំង ៤ របស់ប្រទេសជប៉ុន ដែលងាយស្រួលជាងគេក្នុងការចេញប្រតិបត្តិការយោធា នៅពេលកោះតៃវ៉ាន់ជួបគ្រោះអាសន្ន។

ប្រភពដដែលបាននិយាយថា យោធាសហរដ្ឋអាមេរិកនឹងទទួលបានការគាំទ្រពី SDF ដើម្បីបញ្ជូនទាហានទៅកាន់កោះនេះ ប្រសិនបើការប្រឈមមុខនឹងការគំរាមកំហែងរបស់កោះតៃវ៉ាន់។

គួរបញ្ជាក់ផងដែរថា ភ្លាមៗបែបនេះ ប្រទេសចិនមិនទាន់បញ្ចេញប្រតិកម្មណាមួយ តបតនឹងសេចក្តីរាយការណ៍ព័ត៌មានដ៏រសើបខាលើនេះឡើយ។ ដោយឡែក សម្រាប់មន្ត្រីនៃក្រសួងការពារជាតិជប៉ុនវិញ ក៏មិនទាន់ធ្វើការបកស្រាយអ្វីដែរ នៅពេលត្រូវបានអ្នកសារព័ត៌មាន ទាក់ទងទៅសួរនាំ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២