រុស្ស៊ី ប្រកាសដកទ័ព ១០.០០០ នាក់ ចេញពីព្រំដែនអ៊ុយក្រែន ក្រោយចប់សមយុទ្ធ

ម៉ូស្គូ៖ រុស្ស៊ីបានប្រកាសកាលពីថ្ងៃសៅរ៍ថា ទាហានជាង ១0,000 នាក់បានបញ្ចប់សមយុទ្ធរយៈពេលមួយខែ នៅជិតអ៊ុយក្រែន ចំពេលមានការចោទប្រកាន់របស់លោកខាងលិចថា ទីក្រុងម៉ូស្គូកំពុងរៀបចំផែនការឈ្លានពានអតីតអ្នកជិតខាងរបស់សូវៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន France 24 ។

ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធសម្រាប់កងកម្លាំងស្រុកយោធាភាគខាងត្បូងបានកើតឡើងនៅតំបន់ភាគខាងត្បូងរួមមាន Rostov, Krasnodar និង Crimea ដែលទីក្រុងម៉ូស្គូដណ្តើមបានពីអ៊ុយក្រែនក្នុងឆ្នាំ ២០១៤ ។

ក្រសួងការពារជាតិបាននិយាយថា កងទ័ពកំពុងត្រឡប់ទៅមូលដ្ឋានអចិន្ត្រៃយ៍របស់ពួកគេ ហើយអង្គភាពឈរជើងនឹងត្រូវបានត្រៀមរួចរាល់សម្រាប់ថ្ងៃឈប់សម្រាកឆ្នាំថ្មី។

ដោយសារតែការដាក់ពង្រាយទ័ព និងសព្វាវុធដោយរុស្ស៊ីខាងលើនេះហើយ ទើបធ្វើឲ្យបណ្តាប្រទេសលោកខាងលិចដូចជា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប ព្រមទាំងអ៊ុយក្រែនផងដែរ បានចោទប្រកាន់ទីក្រុងម៉ូស្គូម្តងជាពីរដងថា មានផែនការវាយប្រហារលើអ៊ុយក្រែន បើទោះបីជារុស្ស៊ីបានអះអាងតបវិញជារឿយៗថា មិនមែនជាការពិតក៏ដោយ។

កន្លងមកនេះ ប្រទេសរុស្ស៊ីបានអះអាងថា ខ្លួនត្រូវការឲ្យលោកខាងលិច រក្សាពាក្យសន្យាពាក់ព័ន្ធនឹងអង្គការ NATO ដោយមិនត្រូវអនុញ្ញាតឲ្យប្រទេស ជាប់ព្រំដែនរុស្ស៊ីបន្ថែមទៀត ចូលជាសមាជិកអង្គការសន្តិសុខមួយនេះជាដាច់ខាត។ រុស្ស៊ីថែមទាំងបានលើកឡើងទៀតថា ការដាក់ពង្រាយទ័ព និងសព្វាវុធនៅលើទឹកដីរបស់ខ្លួន គឺជាទង្វើសមហេតុផល ដើម្បីការពារសន្តិសុខជាតិ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២