រុស្ស៊ីធ្វើសមយុទ្ធយោធាតាមផ្លូវអាកាស ខណៈទើបដកទ័ពចេញពីព្រំដែនអ៊ុយក្រែនថ្មីៗ

ម៉ូស្គូ៖ កងកម្លាំងយោធានៃប្រទេសរុស្ស៊ីបានធ្វើសមយុទ្ធមួយ ដើម្បីត្រៀមខ្លួនទប់ទល់នឹងការវាយប្រហារទ្រង់ទ្រាយធំ ពីសំណាក់សត្រូវតាមដែនអាកាស នេះបើតាមប្រភពពីមូលដ្ឋានយោធាភាគខាងលិច ប្រទេសរុស្ស៊ី នាថ្ងៃរសៀលថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ។

កងទ័ពរុស្ស៊ីប្រមាណជា ១០០០នាក់ បានចូលរួមក្នុងសមយុទ្ធខាងលើនេះ ហើយកងទ័ពមួយចំនួន ក៏បានត្រឡប់ទៅកាន់មូលដ្ឋានរបស់ខ្លួនវិញ ក្រោយពីបានបិទបញ្ចប់សមយុទ្ធ នៅក្បែរប្រទេសអ៊ុយក្រែននោះផងដែរ។

ការធ្វើសមយុទ្ធយោធាថ្មីចុងក្រោយខាងលើនេះ បានកើតមានឡើង ខណៈដែលក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា ខ្លួនបានទទួលពាក្យស្នើសុំពីសំណាក់អង្គការ NATO ដើម្បីបើកកិច្ចប្រជុំពាក់ព័ន្ធក្តីកង្វល់ផ្នែកសន្តិសុខ ពីសំណាក់ទីក្រុងម៉ូស្គូនោះហើយ ដែលវាអាចនឹងកើតឡើងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ហើយរុស្ស៉ីកំពុងពិចារណាអំពីការចូលរួម។

គួរបញ្ជាក់ផងដែរថា ប្រភពពីយោធារុស្ស៊ីបានគូសបញ្ជាក់ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះថា កងទ័ពរបស់ខ្លួនសរុបជាង ១០,០០០នាក់បានចល័តចូលក្នុងមូលដ្ឋានទ័ពអចិន្ត្រៃយ៍វិញហើយ បន្ទាប់ពីបានចូលរួមក្នុងសមយុទ្ធ អស់រយៈពេល ១ខែ នៅក្បែរព្រំដែនប្រទេសអ៊ុយក្រែន។ ប្រទេសរុស្ស៊ីដែលកន្លងមកនេះ ត្រូវបានបណ្តាប្រទេសលោកខាងលិចចោទប្រកាន់ថា បានបង្កើនវត្តមានយោធាទ្រង់ទ្រាយធំ នៅលើទឹកដីក្បែរព្រំដែនអ៊ុយក្រែននោះ កាលពីសប្តាហ៍មុននេះបានបញ្ចេញនូវ សេចក្តីព្រាងចរចាផ្នែកសន្តិសុខ រៀបរាប់អំពីចំណុចសំខាន់ៗ ដែលខ្លួនចង់លើកទៅពិភាក្សាជាមួយនឹង NATO ហើយអ្វីដែលសំខាន់បំផុតនៅក្នុងនោះ គឺទីក្រុងម៉ូស្គូចង់ឲ្យ NATO បោះបង់ចោលសកម្មភាពយោធា នៅតំបន់ភាគខាងកើតអឺរ៉ុប និងប្រទេសអ៊ុយក្រែន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២