សហរដ្ឋអាមេរិក និងរុស្ស៉ី នឹងជួបប្រជុំគ្នាស្តីពីផ្នែកសន្តិសុខ នៅពាក់ខែមករា ឆ្នាំ២០២២ខាងមុខនេះ

វ៉ាស៊ីនតោន៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN បានឲ្យដឹងថា នៅថ្ងៃច័ន្ទសប្តាហ៍នេះ អ្នកនាំពាក្យនៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិក និងរុស្ស៊ី នឹងប្រជុំគ្នានៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ខាងមុខនេះហើយ ទៅលើផ្នែកសន្តិសុខរួមគ្នា ចំពោះមុខស្ថានការណ៍តានតឹងរវាងរុស្ស៊ី និងលោកខាងលិច។

នៅមុនសេចក្តីប្រកាសរបស់អាមេរិកមួយថ្ងៃ រុស្ស៊ីក៏បានលើកឡើងផងដែរថា ទីក្រុងម៉ូស្គូទើបបានទទួលការស្នើឲ្យចូលរួម កិច្ចប្រជុំជាមួយអង្គការ NATO នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២។ សម្រាប់កិច្ចប្រជុំពាក់ព័ន្ធបន្តទៀត ដែលនឹងមានការចូលរួមពី ប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបមួយចំនួនទៀត នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែឆ្នាំដដែល នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

គួរបញ្ជាក់ផងដែរថា ប្រទេសរុស្ស៊ីដែលកន្លងមកនេះ ត្រូវបានបណ្តាប្រទេសលោកខាងលិចចោទប្រកាន់ថា បានបង្កើនវត្តមានយោធាទ្រង់ទ្រាយធំ នៅលើទឹកដីក្បែរព្រំដែនអ៊ុយក្រែននោះ កាលពីសប្តាហ៍មុននេះបានបញ្ចេញនូវ សេចក្តីព្រាងចរចាផ្នែកសន្តិសុខ រៀបរាប់អំពីចំណុចសំខាន់ៗ ដែលខ្លួនចង់លើកទៅពិភាក្សាជាមួយនឹង NATO ហើយអ្វីដែលសំខាន់បំផុតនៅក្នុងនោះ គឺទីក្រុងម៉ូស្គូចង់ឲ្យ NATO បោះបង់ចោលសកម្មភាពយោធា នៅតំបន់ភាគខាងកើតអឺរ៉ុប និងប្រទេសអ៊ុយក្រែន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២