គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី០៣ ខែមករាខាងនេះ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជានឹងអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋាន គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ ផ្តល់ឲ្យកម្ពុជាតាមរយៈ មូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលជាជំនួយអភិវឌ្ឍន៍ផ្លូវការរបស់សាធារណរដ្ឋកូរ៉េ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ EDCF បានឱ្យដឹងថា គម្រោងផ្លូវនេះមានប្រវែងសរុប១៤៨គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកោះកុង ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៤ (ភូមិអូរជ្រៅ) ឃុំបឹងព្រៀវ ស្រុកស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ផ្លូវនេះជាកំណាត់ផ្លូវអាស៊ានលេខ១២៣ (ASEAN Highway No.123) ដែលលាតសន្ធឹងពីប្រទេសវៀតណាម និងបញ្ចប់ នៅព្រះរាជាណាចក្រថៃ។

តម្លៃគម្រោងសរុប ដែលគ្រោងទុកសម្រាប់លើកកម្រិតផ្លូវជាតិលេខ៤៨នេះ គឺមានចំនួន ១០០.៦៨៦.០០០ ដុល្លារ (មួយរយលាន ហុកសិបប្រាំបីម៉ឺនប្រាំមួយពាន់ ដុល្លារ) ដែលកម្ចីរបស់មូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF Loan) មានទឹកប្រាក់សរុបចំនួន ៨៧.៤៣៤.០០០ ដុល្លារ (ប៉ែតសិបប្រាំពីលាន សែសិបបីម៉ឺនបួនពាន់ ដុល្លារ) នៃគម្រោងសរុប។ ធនាគារនិហរ័ណ-អាហរ័ណកូរ៉េ ជាអ្នកទទួលខុសត្រូវលើប្រតិបត្តិការ កម្ចីរបស់មូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF Loan) តំណាងឲ្យរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉ ហើយធនាគារនិហរ័ណ-អាហរ័ណកូរ៉េ នឹងផ្តល់ហិរញ្ញប្បទាន សម្រាប់ការសិក្សា ការត្រួតពិនិត្យគម្រោង និងសម្រាប់ការសាងសង់ ខណៈរាជរដ្ឋាភិបាលកម្ពុជានឹងធ្វើបដិភាគថវិកាសម្រាប់ការងារ ដោះស្រាយផលប៉ះពាល់ ការដោះមីន និងគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការគ្រប់គ្រងគម្រោង និងពន្ធអាករ។

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨នេះ គ្រោងប្រើរយៈពេលក្នុងសាងសង់ចំនួន ៣២ខែ គិតចាប់ផ្តើមពី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

បន្ទាប់ពីបញ្ចប់ការសាងសង់រួច ផ្លូវជាតិលេខ ៤៨នេះ នឹងមានមុខងារសំខាន់ៗដូចជា៖ ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្កានុពល ក្នុងការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មផ្ទៃក្នុង និងក្នុងតំបន់ ជំរុញការដោះដូរពាណិជ្ជកម្ម ជាមួយប្រទេសជិតខាងជាប់ព្រំប្រទល់ លើកកម្ពស់សក្តានុពលវិស័យទេសចរណ៍ តាមរបៀងឆ្នេរសមុទ្រ និងធ្វើឱ្យប្រសើរឡើង សុវត្ថិភាពចរាចរណ៍របស់ប្រជាពលរដ្ឋ។ ដូច្នេះគម្រោងនេះនឹងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ កាត់បន្ថយពេលវេលា និងតម្លៃដឹកជញ្ជូន និងរួមចំណែកដល់ការតភ្ជាប់បណ្តាញដឹកជញ្ជូនជាតិ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២