ឆ្ងល់! ជួសជុលផ្លូវមិនរៀបចំប្រព័ន្ធលូបង្ហូរទឹកមុន

ភ្នំពេញ ៖ ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវលំមួយខ្សែពិតជាមាន អារម្មណ៍សប្បាយចិត្តមែនទែន ដែលអាជ្ញាធរមូលដ្ឋានគិតគូរពីការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរចេញចូលក្នុងលំនៅដ្ឋានដោយបានផ្តល់ផ្លូវបេតុង១ខ្សែដល់ពួកគាត់។ តែអ្វីដែលប្រជាពលរដ្ឋមានចម្ងល់នោះគឺនៅត្រង់ថា ហេតុអ្វីផ្លូវមួយខ្សែនេះមិនទាន់មានប្រព័ន្ធលូបង្ហូរទឹកផងនោះ តែអាជ្ញាធរមូលដ្ឋានធ្វើផ្លូវមុនទៅហើយ។

ជាក់ស្តែងផ្លូវមួយខ្សែនេះមានទីតាំងនៅផ្លូវលេខ២៤បេតេ ស្ថិតនៅភូមិត្នោតជ្រុំ៤ ក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ។ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវមួយខ្សែនេះបានឲ្យដឹងដែរថា ពាក់ព័ន្ធនឹងការជួសជុលផ្លូវមួយខ្សែនេះ ខាងសាលាខណ្ឌមានជ័យដាក់ឲ្យក្រុមហ៊ុនឯកជនដេញថ្លៃបានហើយនោះនឹងបានដាក់គ្រឿងចាក់មកធ្វើការឈូសឆាយផ្លូវនេះគឺខាងអាជ្ញាធរមូលដ្ឋានមិនបានចុះមកសិក្សា និងពិភាក្សាជាមួយប្រជាពលរដ្ឋថាតើផ្លូវមួយខ្សែនេះមានប្រព័ន្ធលូហើយរឺនៅមុននឹងជួសជុល ហើយថាតើផ្លូវមួយខ្សែនេះដល់រដូវភ្លៀងធ្លាក់តើមានការជន់លិចទឹកដែររឺទេ?ហើយបើគ្មានប្រព័ន្ធលូបង្ហូរទឹកទេ ពេលមេឃភ្លៀងទឹកលិចផ្លូវបេតុងមិនខូចខាត និងបង់ខាតថវិកាទៅហើយ។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា នៅតំបន់នេះជាតំបន់លិចទឹក បើខាងអាជ្ញាធរមូលដ្ឋានចុះមកពិភាក្សាជាមួយប្រជាពលរដ្ឋថាតើការជួសជុលផ្លូវ និងដាក់ប្រព័ន្ធលូតើឲ្យប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវមួយខ្សែនេះ ជួយជាថវិកាប៉ុន្មាន ដើម្បីដាក់ប្រព័ន្ធលូស្របគ្នាជាមួយនឹងការជួសជុលផ្លូវនេះ កុំឲ្យជួសជុលផ្លូវហើយស្អាតរួចមកកាយផ្លូវដាក់ប្រព័ន្ធលូវិញ ដែលនេះជាការខាតបង់ថវិការដ្ឋច្រើនគ្រាន់តែផ្លូវមួយខ្សែ។

ជាមួយនឹងបញ្ហាជួសជុលផ្លូវមួយខ្សែនេះដែរ លោកលុក ជ័យ ចៅសង្កាត់បឹងទំពន់ទី២ បានឲ្យដឹងតាមទូរស័ព្ទថា ផ្លូវមួយខ្សែនេះមានបណ្តោយប្រវែង១៥១ម៉ែត្រ និងទទឹងប្រវែង៥ម៉ែត្រ និងមានកម្រាស់២តឹកកន្លះ ដែលប្រើថវិការបស់រដ្ឋ។ លោកចៅសង្កាត់បានឲ្យដឹងទៀតថា ក្រោយពីការជួសជុលផ្លូវមួយខ្សែនេះរួច លោកក៏បានស្នើគម្រោងដាក់ប្រព័ន្ធលូនៅពេលក្រោយ នៅអមសងខាងផ្លូវគឺលូម្ខាងមានទំហំ៦តឹក។

ជាចុងក្រោយប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវមួយខ្សែនេះស្នើសុំដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ក៏ដូចជាលោកចៅសង្កាត់សង្កាត់បឹងទំពន់ទី២ចុះមកពិនិត្យការដ្ឋានជួសជុលផ្លូវមួយខ្សែនេះផងថាតើការជួសជុលផ្លូវមួយខ្សែនេះបានត្រឹមត្រូវតាមស្តង់ដា ដែលបានដាក់ឲ្យដេញថ្លែដែររឺទេ និងកុំឲ្យក្រុមហ៊ុមដែលដេញថ្លៃបាននោះកិបកេងថវិកាធ្វើមិនត្រឹមត្រូវតាមស្តង់ដា៕
ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២