ប្រុងប្រយ័ត្ន ! អ្នកនៅលើផ្ទៃសមុទ្រ ព្រោះចាប់ពីពេលនេះ រហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ មានខ្យល់បក់បោកខ្លាំង

ភ្នំពេញ ៖ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹកនិងឧតុនិយម លោក ចាន់ យុត្ថា បានឱ្យដឹង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះថា ៖ ចាប់ពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ខ្យល់បន្តបក់បោកខ្លាំង ក្នុងល្បឿន ពី១៣ ទៅជាង ២០ ម៉ែត្រ ក្នុងមួយវិនាទី នៅលើផ្ទៃសមុទ្រ ខេត្តព្រះសីហនុ តែនៅលើគោក ខ្យល់មិនខ្លាំង ដូចជានៅលើផ្ទៃទឹក និងនៅតាមបណ្តាកោះ នោះទេ។

លោក ចាន់ យុត្ថា បានបន្តទៀតថា ៖ ធម្មតា ជាមធ្យម ខ្យល់នៅតំបន់ មាត់សមុទ្រ មានល្បឿន ៥ ម៉ែត្រ ក្នុងមួយវិនាទី ខ្យល់មានល្បឿន ពីជាង ១០ ទៅជាង ២០ ម៉ែត្រ ក្នុងមួយវិនាទី កើតមានរាល់ថ្ងៃ ចាប់ពីពេលល្ងាច (ម៉ោង១៧) រហូតដល់ម៉ោង ១២ ថ្ងៃ។ ខ្យល់ខ្លាំងរលកសមុទ្រខ្ពស់ៗ តែមិនមានភ្លៀងទេ នេះដោយសារឥទ្ធិពលសម្ពាធទាប រុញពីសមុទ្រចិនខាងត្បូង ដោយដើរលើផ្ទៃទឹក ទៅរកភាគនិរតី ព្រមពេលខ្យល់មូសុងឦសាន បង្កើនឥទ្ធិពលខ្លាំងដែរ។

លោកបន្ថែមថា ៖ ចំណែកឯសីតុណ្ហភាព អប្បបរមាវិញ ចុះដល់រង្វង់កម្រិត ១៦ អង្សាសេ គឺមានតែនៅពេលយប់ ដូចជាតំបន់ភ្នំ១៥០០ ទំនាប កណ្តាលភាគពាយព្យ តំបន់ខ្ពង់រាបភាគខាងជើង និងខ្ពង់រាបភាពឦសាន។ សម្រាប់បណ្តាខេត្តផ្សេង សីតុណ្ហភាព អប្បបរមា មានក្នុងរង្វង់ ២០ អង្សាសេ និងមានខ្យល់មូសុង ឦសានខ្លាំង តែមិនមានភ្លៀងទេ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលថ្ងៃទី២៨ ខែធ្នូ ស្តីពីស្ថានភាព អាកាសធាតុ សម្រាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ថា៖ ប្រទេសកម្ពុជា ទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ រុញចុះមកពីប្រទេសចិន ជាមួយនឹងខ្យល់មូសុងឦសាន បក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ។

ក្នុងសេចក្តីជូនដំណឹងដដែលនោះបានឱ្យដឹងថា ៖ ស្ថានភាពបែបនេះ ធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ១៨ទៅ២០អង្សាសេ សីតុណ្ណភាព អតិបរមា មានពី២៨ទៅ ៣០ អង្សាសេ។ មានអាកាសធាតុត្រជាក់ លាយឡំជាមួយនឹងខ្យល់រដូវ បក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ។

សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាព អប្បបរមា ពី១៦ទៅ១៨ ង្សាសេ សីតុណ្ណភាព អតិបរមា មានពី២៧ទៅ២៩អង្សាសេ។ មានអាកាសធាតុត្រជាក់ លាយឡំជាមួយនឹងខ្យល់រដូវ បក់ក្នុងកម្រិតពីបង្គួរទៅខ្លាំង។

សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមា ពី ១៩ ទៅ ២១ អង្សាសេ សីតុណ្ណភាពអតិបរមា មានពី ២៨ ទៅ ៣០ អង្សាសេ។ មានអាកាសធាតុត្រជាក់ លាយឡំនឹងខ្យល់រដូវ បក់ក្នុងកម្រិតមធ្យម។ ទន្ទឹមនោះ រលកសមុទ្រ ក៏មានកម្ពស់ ជាមធ្យមផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២