អតីតប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye ត្រូវបានដោះលែងហើយនៅព្រឹកម៉ិញនេះ បន្ទាប់ពីជាប់ឃុំអស់រយៈពេលជិត ៥ ឆ្នាំ

សេអ៊ូល៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye ដែលបច្ចុប្បន្នមានវ័យ ៦៩ឆ្នាំ ត្រូវបានដោះលែងជាផ្លូវការហើយនៅព្រឹកថ្ងៃសុក្រទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ បន្ទាប់ពីលោកស្រីបានជាប់ឃុំឃាំងអស់រយៈពេល ៤ឆ្នាំ និង ៩ខែ ពាក់ព័ន្ធនឹងរឿងក្តីពុកលួយ ដែលបានធ្វើឲ្យលោកស្រីអស់អំណាច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yonhap។

លោកស្រី Park Geun-hye ត្រូវបានតុលាការកំពូលកូរ៉េខាងត្បូង កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២២ឆ្នាំ កាលពីខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីលោកស្រីត្រូវបានទម្លាក់ចេញពីតំណែង ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ និងការឃុបឃិតជាមួយមិត្តជិតស្និទ្ធ ដែលត្រូវបានគេជឿជាក់ថា ជាអ្នកជំរុញឲ្យលោកស្រីប្រព្រឹត្តទង្វើបែបនេះ។

គួរបញ្ជាក់ផងដែរថា ការដោះលែងលោកស្រី Park Geun-hye ត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in កាលពីសប្តាហ៍មុននេះ បានសម្រេចផ្តល់ការលើកលែងទោសដល់រូបលោកស្រី ដោយយោងលើមូលហេតុថា លោកស្រីមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងដើម្បីជាសញ្ញាបង្ហាញអំពីការរួបរួមជាតិ ចំពោះមុខការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មី ដែលនឹងប្រព្រឹត្តទៅនាដើមឆ្នាំ២០២២ ខាងមុខនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២