សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅតែរក្សាជំហរធ្វើដំណើរទៅមីយ៉ាន់ម៉ា ទោះជាមានការបំផ្ទុះគ្រាប់បែកនៅក្បែរទូតខ្មែរ

ភ្នំពេញ ៖ កាលពីប៉ុន្មានថ្ងៃមុន ទោះបីមានការបំផ្ទុះគ្រាប់បែក នៅជិតស្ថានទូតខ្មែរ នៅប្រទេសមីយ៉ាន់ម៉ាក៏ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ថា សម្តេចនៅតែទៅមីយ៉ាន់ម៉ាដដែល។

នៅក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រ នៅថ្ងៃទី៣ ខែមករានេះ សម្តេចបានលើកឡើងពីកម្មវិធីនានា អំពីសម្តេចនឹងចូលរួមមុន និងក្រោយទៅមីយ៉ាន់ម៉ា។ សម្តេចថា បន្ទាប់មកពីមីយ៉ាន់ម៉ា នឹងមានកម្មវិធីជាច្រើនទៀត ។

កាលពីថ្ងៃទី៣១ ខែធ្នូ ដែលជាថ្ងៃដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនោះ មានករណីផ្ទុះគ្រាប់បែកចំនួន២គ្រាប់ នៅក្បែរស្ថានទូតខ្មែរ នៅប្រទេសមីយ៉ាន់ម៉ា ដោយ១គ្រាប់មានចម្ងាយប្រមាណ១០០ម៉ែត្រ និង១គ្រាប់ទៀតមានចម្ងាយប្រមាណ១៥០ម៉ែត្រ ដែលជាគ្រាប់បែកច្នៃ ដោយមិនបានបង្កគ្រោះថ្នាក់ដល់អ្នកណានោះទេ។

ក្រោយពេលកើតហេតុភ្លាម ខាងសន្តិសុខមីយ៉ាន់ម៉ា ក៏បានបង្កើនការប្រុងប្រយ័ត្ន និងការពារបន្ថែមទៀត នៅស្ថានទូត ផ្ទះរបស់អគ្គរដ្ឋទូត និងមន្រ្តីទូតរបស់កម្ពុជា។ ការបំផ្ទុះនេះមុនពេលសម្តេចនឹងត្រូវអញ្ជើញទៅ មីយ៉ាន់ម៉ា នាថ្ងៃទី៧ ខែមករាខាងមុខនេះដើម្បីជួបលោក Min Aung Hlaing មេដឹកនាំយោធាមីយ៉ាន់ម៉ា៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២