សម្តេចហេង សំរិន ជំរុញឱ្យឯកអគ្គរាជរដ្ឋទូតកម្ពុជាប្រចាំប្រទេសនានា លើកកម្កស់ផលប្រយោជន៍ និងត្រូវរក្សាការពារតម្លៃជាតិជាធំ

ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានជំរុញដល់ឯកអគ្គរាជទូតកម្ពុជា ដែលត្រូវបំពេញបេសកកម្មការទូតនៅក្រៅប្រទេស ត្រូវតម្កល់ប្រយោជន៍ជាតិជាធំ ហើយទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវរក្សាការពារ និងលើកតម្លៃជាតិជានិច្ច។

សម្តេចបានលើកឡើងថា ក្នុងនាមជាឯកអគ្គរាជទូតត្រូវបង្ហាញ និងប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិ និងសេចក្តីថ្លៃថ្នូរ ដោយត្រូវបន្តលើកកម្ពស់ផ្សព្វផ្សាយឱ្យបរទេសស្គាល់កម្ពុជា ឱ្យបានច្បាស់ ទាំងផ្នែកសិល្បៈ វប្បធម៌ និងប្រពៃណីខ្មែរ ដែលជាប្រជាជាតិមួយមានវប្បធម៌រុងរឿង តាំងពីសម័យអង្គរមក។ សម្តេចប្រធានរដ្ឋសភាបានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី៤ ខែមករាឆ្នាំ ២០២២នេះ ក្នុងឱកាសអនុញ្ញាតឱ្យឯកអគ្គរាជទូតកម្ពុជាចំនួនបីរូប ដែលទើបត្រូវបានរាជរដ្ឋាភិបាលតែងតំាងឱ្យបំពេញបេសកកម្មការទូតនៅតាមប្រទេសមួយចំនួនចូលជួបសម្តែងការគួរសម និងជម្រាបលា ទទួលអនុសាសន៍ មុនចាកចេញពីមាតុប្រទេសទៅបំពេញ បេសកកម្មនៅតាមប្រទេសជាមិត្ត។

ឯកអគ្គរាជទូតដែលចូលសម្តែងការគួរសម និងជម្រាបលាសម្តេចនាឱកាសនេះមានលោក ទុយ រី ឯកអគ្គរាជទូតប្រចាំប្រទេសជប៉ុន,លោកកែវ ឈា ឯកអគ្គរាជទូតប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ីកូ និងលោក ផន ពៅ ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋហ្វីលីពីន។

ក្រៅពីការលើកឡើងនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានផ្តាំផ្ញើដល់ឯកអគ្គរាជទូតទំាងអស់ ត្រូវយកចិត្តទុកដាក់ ជួយសម្របសម្រួល និងដោះស្រាយបញ្ហានានារបស់ពលរដ្ឋខ្មែរ នៅតាមប្រទេសដែលឯកឧត្តមបំពេញការងារឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលានិងត្រូវចុះស្វែងយល់សុខទុក្ខ និងក្តាប់ព័ត៌មានឱ្យបានច្បាស់លាស់។ជាក់ស្តែង អំពីប្រជាពលរដ្ឋ សិស្ស-និស្សិត និងពលករខ្មែរ ដែលកំពុងរស់ក្រៅប្រទេស ហើយបង្កលក្ខណៈងាយស្រួលលើសេវាកម្មនានារបស់ស្ថានទូត លើកកម្ពស់ សុខុមាលភាព និងការពារផលប្រយោជន៍របស់ ពួកគាត់។

ក្រៅពីនេះ សម្តេចប្រធានរដ្ឋសភាបានលើកទឹកចិត្តដល់ ឯកអគ្គរាជទូតទំាងអស់ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយឯកអគ្គរដ្ឋទូត-រាជទូត នៃបណ្តាប្រទេស ដទៃទៀត ប្រចាំនៅប្រទេសដែលអស់ លោកជាតំណាងឱ្យបានល្អបំផុត ដើម្បីកៀរគរផលប្រយោជន៍នានាជូនប្រទេសជាតិ ដូចជាការទាក់ទាញអ្នកទេសចរ និងអ្នកវិនិយោគមកកាន់កម្ពុជា ជាដើម ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២