សម្តេចតេជោ នាយករដ្ឋមន្ត្រីរំឮកអានុស្សាវរីយនៃខួបអាពាហ៍ពិពាហ៍៤៦ឆ្នាំ ក្នុងសម័យរបបខ្មែរក្រហម ពិតជាកម្សត់ខ្លាំង

សម្តេចតេជោ នាយករដ្ឋមន្ត្រីបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់សម្តេចនាព្រឹកនេះថា ថ្ងៃនេះគឺជាខួបអាពាហ៍ពិពាហ៍ ៤៦ឆ្នាំ របស់ខ្ញុំ (៥មករា១៩៧៦-៥មករា២០២២)។ ខ្ញុំតែងតែគិតថា អ្វីដែលខ្ញុំ និងភរិយាបានឆ្លងកាត់ក្នុងសម័យសង្រ្គាមគឺពុំគួរឱ្យជឿថា ខ្ញុំអាចមានជីវិតរហូតមកដល់សព្វថ្ងៃនេះឡើយ។ ជីវិតយុទ្ធជនក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលយើងត្រូវតស៊ូផ្ដួលរំលំដោយយកជីវិតធ្វើដើមទុន គឺមិនមែនជារឿងសាមញ្ញនោះឡើយ។ ជីវិតប្តីប្រពន្ធបន្ទាប់ពីរៀបការគ្មានទេ ដែលហៅថាសេចក្តីសុខ។

ខ្ញុំបានស្លាប់កូនទី១ និងបែកគ្នាក្នុងពេលកូនទី២នៅក្នុងផ្ទៃម្តាយ៥ខែ រហូតជួបគ្នាជាថ្មី ដែលកូនប្រុសបង (ម៉ាណែត) ហៅខ្ញុំថាពូអស់រយៈពេល២ខែ។ ទាំងនេះគឺសុទ្ធតែរឿងរ៉ាវមិនគ្រាន់តែសម្រាប់ខ្ញុំ និងភរិយាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងរ៉ាវដែលបានកើតឡើងសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស ដែលបានឆ្លងកាត់ក្នុងសម័យនោះផងដែរ។ “ទុក្ខស្រីប្តីព្រាត់” បានធ្វើឱ្យខ្ញុំ និងភរិយាស្រក់ទឹកភ្នែករាប់លានដំណក់។ ប៉ុន្តែទឹកភ្នែកនេះគឺបាននាំមកនូវការរស់រានមានជីវិត សម្រាប់ប្រជាជនទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារខ្ញុំដែរ។ ចាប់ផ្តើមពីប្តីប្រពន្ធដ៏កម្សត់វ័យក្មេង២នាក់ (ពេលនោះ ខ្ញុំមានអាយុ២៤ឆ្នាំ ឯភរិយាខ្ញុំអាយុ២២ឆ្នាំ)រហូតមកដល់ពេលនេះយើងមានកូន និងចៅយ៉ាងច្រើន ប៉ុន្តែនៅតែចងចាំជានិច្ចចំពោះជីវិតតស៊ូដ៏លំបាកបំផុតរបស់ខ្ញុំនិងភរិយាជាទីស្រឡាញ់។

សៀវភៅគូព្រេងមិនព្រាត់ដែលខ្ញុំសរសេររៀបរាប់ពីជិវិតប្តីប្រពន្ធរបស់ខ្ញុំត្រូវបានបោះពុម្ភជាភាសាខ្មែរ អង់គ្លេស និងចិន។ភាពយន្តរឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មីក៍ចាប់ផ្តើមថតហើយដែរ ដែលអាចប្រើរយៈពេល១៤ខែទើបអាចបញ្ចប់បានព្រោះជារឿងភាគដែលវែង៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២