រដ្ឋាភិបាលមានគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ថ្មីមួយទៀត ដែលកំពុងស្ថិតនៅក្នុងការពិភាក្សាជំនាញបច្ចេកទេស

ឥឡូវនេះរដ្ឋាភិបាលមានគម្រោងសាងសង់ស្ពានព្រែកតាឡុង ដែលជាស្ពានឆ្លងកាត់ទន្លេបាសាក់ថ្មីមួយទៀត ដោយតភ្ជាប់ពីចាក់អង្រែក្រោម ទៅព្រែកប្រា ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។គម្រោងនៃការសាងសង់ស្ពាននេះ កំពុងស្ថិតនៅក្នុងកិច្ចពិភាក្សាការងារជំនាញបច្ចេកទេស ដែលនឹងចាប់ផ្តើមអនុវត្តនៅពេលឆាប់ៗខាងមុខនេះ ។

គម្រោងនៃការសាងសង់ស្ពាននេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ធ្វើដំណើរឆ្លងកាត់ស្ពាន ព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១នៅច្បារអំពៅ ជួយពង្រឹងដល់ទំនាក់ទំនង សេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ទីក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ សំដៅជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា ជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍន៍នៅតំបន់នោះផងដែរ។

ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិភាក្សាគម្រោងសាងសង់ស្ពានព្រែកតាឡុង (ចាក់អង្រែក្រោម-ព្រែកប្រា) ឆ្លងកាត់ទន្លេបាសាក់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក ក្រុមការងារជំនាញ បច្ចេកទេសរបស់ក្រុមហ៊ុន Shanghai Construction Group Co., Ltd. (SCG) មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធផងដែរ។ កិច្ចប្រជុំពិភាក្សានេះ បានប្រព្រឹត្តទៅនៅទីស្តីការក្រសួងសាធារណៈការ និងដឹកជញ្ជូន កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២នេះ ។

បើតាមមន្ត្រីដែលបានចូលរួមក្នុងកិច្ចប្រជុំពិភាក្សានោះដែរបានឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យទៅលើរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាពរបស់ក្រុម ការងារជំនាញបច្ចេកទេសរបស់ក្រុមហ៊ុន Shanghai Construction Group Co., Ltd. (SCG) ដោយ ផ្តោតជាសំខាន់លើការរចនាប្លង់លម្អិតនៃគម្រោង កំណើនលំហូរចរាចរណ៍បច្ចុប្បន្ន និងលំហូរចរាចរណ៍ ព្យាករណ៍ក្នុងពេលអនាគត បណ្តាញផ្លូវតភ្ជាប់សងខាងស្ពានជាមួយនឹងបណ្តាញផ្លូវពាក់ព័ន្ធចំណុច ប្រសព្វ តម្លៃប៉ាន់ស្មានសរុបលើគម្រោងសាងសង់ ជម្រើសរចនាប្លង់លម្អិត និងបទដ្ឋានបច្ចេកទេសនៃការ សាងសង់ផងដែរ ៕

ដោយ៖ប្រូ

 
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២