ការដ្ឋានស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុគ្រោងបញ្ចប់ទាំងស្រុងនៅខែកញ្ញា ឆ្នាំ២០២២នេះហើយ

ភ្នំពេញ ៖ គម្រោងស្ថាបនាផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុនៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺជាគម្រោងនវិនិយោគដ៏ធំមួយ ដែលពុំធ្លាប់មានពីមុនមក ។វត្តមានផ្លូវល្បឿនលឿននៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលនេះគឺជាការបង្ហាញពីសក្តានុពលសេដ្ឋកិច្ចរីកចម្រើនរបស់ប្រទេសមួយ ដែលធ្លាប់តែញាំញីដោយភ្នក់ភ្លើងសង្គ្រាមអស់រយៈពេលជាច្រើនទសវត្សរ៍មកនោះ។ បន្ទាប់ពីការចំណាយពេលក្នុងការស្ថាបនាអស់រយៈពេលជិត៣ឆ្នាំមកនោះ ការដ្ឋានស្ថាបនាផ្លូវល្បឿនលឿននេះគ្រោងនឹងបញ្ចប់ការស្ថាបនាទាំងស្រុងនៅខែកញ្ញា ឆ្នាំ ២០២២នេះហើយ ។

នៅក្នុងកិច្ចប្រជុំមួយ នៅទីស្តីការក្រសួងសាធារណៈការ និងដឹកជញ្ជូននៅថ្ងៃទី៥ ខែមករា ឆ្នាំ ២០២២ ម្សិលម៉ិញនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងនេះបានលើកឡើងថា ការដ្ឋានស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គ្រោងនឹងបញ្ចប់ការស្ថាបនាទាំងស្រុងនៅខែកញ្ញា ឆ្នាំ២០២២ ហើយនៅពេលសម្ភោធដាក់ឱ្យប្រើប្រាស់គឺក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាការបោះទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ដែលគ្រោងចំណាយថវិកាប្រមាណជា ២.០០០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិនប្រមាណជា ១៥០លានដុល្លារ។

បើតាមរបាយការណ៍របស់ក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះបានឱ្យដឹងថា គម្រោងផ្លូវល្បឿនលឿននេះ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ ដោយមានទទឹងតួផ្លូវ២៤,៥ម៉ែត្រ និងក្រាលបេតុងកៅស៊ូ(AC)កម្រាស់១០សង់ទីម៉ែត្រ ដោយគន្លងផ្លូវធ្វើចរាចរណ៍ចែកជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ អាចបើកបរក្នុងល្បឿនរហូតដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរក្នុងល្បឿនដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

របាយការណ៍ដដែលបានឱ្យដឹងទៀតថា នៅលើកំណាត់ផ្លូវនេះ នឹងត្រូវសាងសង់លូគ្រប់ប្រភេទចំនួន២៦៣កន្លែង ស្ពានតូចចំនួន៥កន្លែងមានប្រវែងសរុប១០៥ម៉ែត្រ ស្ពានធំ និងស្ពានមធ្យមចំនួន៨០កន្លែងមានប្រវែងសរុប៦.០១៥ម៉ែត្រ។ ជាមួយគ្នានេះ មានការសាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន៧កន្លែង ផ្លូវប្រសព្វចំនួន២៨កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿននេះមានចំនួន២៣៧កន្លែង និងស្ពានរំលងផ្លូវចំនួន២០កន្លែង ព្រមទាំងសាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្តចំនួន១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវចំនួន៤កន្លែង និងបញ្ជរបង់ប្រាក់ចំនួន៩កន្លែង។

គួរបញ្ជាក់ផងដែរថា ការធ្វើដំណើរនៅលើផ្លូវល្បឿនលឿននេះ នៅថ្ងៃបុណ្យជាតិគឺមិនត្រូវបានគិតថ្លៃឡើយ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២