សម្តេចតេជោប្រកាសឲ្យបញ្ជាទិញវ៉ាក់សាំង ចំនួន៥លានដូសបន្ថែមទៀត ខណៈក្នុងឃ្លាំងសល់ប្រមាណ១០លានដូស ដើម្បីធានាថា ពលរដ្ឋមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ការចាក់ដូសជំរុញ

ខេត្តបាត់ដំបង ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឲ្យបញ្ជា ទិញវ៉ាក់សាំងចំនួន៥លានដូសបន្ថែមទៀត ខណៈក្នុងឃ្លាំងសល់ប្រមាណ១០លានដូស ដើម្បីធានាថា ពលរដ្ឋមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ការចាក់ដូសជំរុញ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «វ៉ាក់សាំងរបស់យើងឥលូវនេះ នៅសល់ជាង១០លានដូសនៅក្នុងឃ្លាំង ប៉ុន្ដែខ្ញុំឲ្យទិញ៥លានដូស ហើយ៥លានដូសមកដល់ហើយ ឲ្យថែម៥លានដូសបន្ថែមទៀត ព្រោះយើងមិនដឹងថា ពេលណាវាចប់»។

សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បណ្តាខេត្តទាំងអស់ ខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ឲ្យបានលឿនទាន់ពេលវេលា ខណៈដែលវីរុសបំប្លែងថ្មី អូមីក្រុង បានចូលសហគមន៍ហើយនោះ។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គ្មានជម្រើសណាល្អជាង ជំរុញការចាក់វ៉ាក់សាំង ឲ្យទាន់ពេលវេលានោះទេ។

ទន្ទឹមគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញលើកទី៤ ឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតនៅប្រព័ន្ធភាពសុំាក្នុងសហគមន៍ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងផងដែរថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ សម្តេចនឹងចាក់វ៉ាក់សាំងដូសជំរុញ ខណៈសម្តេចជិតធ្វើដំណើរ ទៅកាន់ទីក្រុងឌុយប៉ៃ។

ដោយឡែកសម្រាប់ការចាក់វ៉ាក់សាំងដូសទី៤ ជូនដល់ក្រុមអ្នកនៅជួរមុខ និងប្រជាពលរដ្ឋ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យយកវ៉ាក់សាំងប្រភេទ Pfizer មកចាក់ឱ្យប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ សម្រាប់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត ដែលបានចាក់ដូសទី៣រួច ក៏អាចឡើងមកភ្នំពេញ ចាក់វ៉ាក់សាំងប្រភេទ Pfizer នេះដែរ។ មូលហេតុដែលសម្ដេច មិនអាចឱ្យយកវ៉ាក់សាំង Pfizer នេះ ទៅចាក់នៅតាមបណ្ដាខេត្តនោះ ដោយសារតែវាពិបាកដឹកជញ្ជូន ហើយខ្វះទីកន្លែងរក្សាទុកវ៉ាក់សាំងប្រភេទនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២