រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរណែនាំ ចំនួន០៤ចំណុចបន្ថែមទៀត ដើម្បីទប់ទល់នឹងការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទ អូមីក្រុង ក្នុងសហគមន៍

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសារាចរជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។

កន្លងទៅនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន រហូតសម្រេចបាននូវការបើកដំណើរការប្រទេសជាតិពេញលេញឡើងវិញលើគ្រប់វិស័យ និងសម្រេចបិទបញ្ចប់”ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ” កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។

នៅពេលដែលប្រទេសជាតិបានបើកឱ្យដំណើរការពេញលេញឡើងវិញលើគ្រប់វិស័យ ហើយស្ថានភាព ជំងឺកូវីដ-១៩ នៅកម្ពុជា ស្ថិតក្នុងសភាពធូរស្រាល និងអាចគ្រប់គ្រងវិញបាន រាជរដ្ឋាភិបាល ពិនិត្យឃើញថា ប្រជាជនមួយចំនួននៅតែមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានបានពេញលេញនៅឡើយ និង ចំនួនប្រជាជនដែលទទួលបានការចាក់វ៉ាក់សាំងដូសជំរុញ នៅមានចំនួនតិចតួចនៅឡើយ បើធៀបទៅនឹងចំនួនប្រជាជន ដែលបានចាក់វ៉ាក់សាំងដូសមូលដ្ឋានរួច ហើយទន្ទឹមនេះ ប្រជាជនមួយចំនួនហាក់បាន និងកំពុងមានការធ្វេសប្រហែសក្នុងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេស វិធានការ “៣កុំ ៣ការពារ” ដែលអាចជាកត្តាប្រឈមនឹងការផ្ទុះឆ្លងរាលដាលមេរោគកូវីដ-១៩ ក្នុងសហគមន៍ជាថ្មីម្ដងទៀត។ ទន្ទឹមនេះ ព្រះរាជាណាចក្រកម្ពុជា ក៏បានចាប់ផ្ដើមរកឃើញជាបន្តបន្ទាប់នូវវត្តមានមេរោគបំប្លែងខ្លួនថ្មី ប្រភេទ អូមីក្រុង ក្នុងសហគមន៍ផងដែរ។

ដើម្បីទប់ទល់នឹងការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទ អូមីក្រុង ក្នុងសហគមន៍ រាជរដ្ឋាភិបាល សូមធ្វើការណែនាំដល់ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស, គណៈអភិបាលរាជធានី-ខេត្ត និងយន្តការដែលមានការពាក់ព័ន្ធ ផ្សេងទៀត ព្រមទាំងប្រជាជនទូទៅដូចខាងក្រោម ៖

ទី១-គណៈអភិបាលរាជធានី-ខេត្តទាំងអស់ ដោយសហការជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងយន្តការដែលមានការពាក់ព័ន្ធ ត្រូវជំរុញ និងបង្កើនល្បឿន ការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន ទាំងដូសជំរុញ ដែលជាខ្សែក្រវាត់ការពារទី១ និងជាយុទ្ធសាស្ត គន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជូនដល់ប្រជាជននៅក្នុងភូមិសាស្ត្រស្ថិតក្រោម សមត្ថកិច្ចរបស់ខ្លួន ឱ្យសម្រេចបានឆាប់រហ័ស ដើម្បីធានាឱ្យបាននូវភាពសាំសហគមន៍រឹងមាំពិតប្រាកដមួយ សំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។

ទី២-គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ត្រូវបន្តពង្រឹងយន្តការ តាមដាន និងត្រួតពិនិត្យរបស់ខ្លួនលើវឌ្ឍនភាពនៃការអនុវត្តការងារចាក់វ៉ាក់សាំងកូវីដ-១៩ ប្រចាំថ្ងៃ ទាំងសម្រាប់ ក្របខណ្ឌរាជធានី-ខេត្តនីមួយៗដាច់ដោយឡែកពីគ្នា ទាំងសម្រាប់ក្របខណ្ឌទូទាំងប្រទេស ព្រមទាំងត្រូវ ពង្រឹងយន្តការឆ្លើយតបឱ្យបានទាន់ពេលវេលា ទាក់ទងនឹងការអនុវត្តការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជន ជាក់ស្តែងនៅតាមមូលដ្ឋាន ជាពិសេស ការសម្របសម្រួលក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងឱ្យត្រូវទៅនឹងស្ថានភាព ជាក់ស្តែងនៅក្នុងមូលដ្ឋាននីមួយៗ និងការធានាផ្គត់ផ្គង់ឱ្យបានទាន់ពេលវេលា និងមិនត្រូវខ្វះវ៉ាក់សាំងជូនដល់ បណ្តារាជធានី-ខេត្តនោះទេ។

ទី៣-គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស, អនុគណៈកម្មការ អប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ និងគណៈអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវសហការគ្នា បង្កើនការយកចិត្តទុកដាក់ក្នុងការអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀតអំពីភាពចាំបាច់ ការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ដើម្បីឱ្យប្រជាជនមកទទួលការចាក់វ៉ាក់សាំង កូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។

ទី៤-គណៈអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការចាត់វិធានការចាំបាច់នានា ក្នុងភូមិសាស្ត្រស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ដើម្បីពង្រឹង និងជំរុញការអនុវត្តវិធានការ “៣កុំ ៣ការពារ”និងវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀត ជាពិសេស ការពាក់ម៉ាស, ការរក្សាគម្លាតសុវត្ថិភាព និង ការធ្វើអនាម័យជាប់ជាប្រចាំ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២