ក្រសួងការងារ ជំរុញឱ្យរោងចក្រ សហគ្រាសអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា តាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់

ភ្នំពេញ ៖ ថ្លែងក្នុងពិធីប្រកាស ដាក់ឱ្យប្រើប្រាស់ គោលការណ៍ ប្រតិបត្តិស្តង់ដា ស្តីពីដំណើរការ និងការគ្រប់គ្រង រោងចក្រ សហគ្រាស តាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ធ្វើឡើងនៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ២០២២ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា៖ ម្ចាស់រោងចក្រ សហគ្រាស បងប្អូនកម្មករ និយោជិត និងដៃគូពាក់ព័ន្ធ ទាំងអស់ នឹងបន្តចូលរួមសហការ ជាមួយមន្ត្រីក្រសួង ក្នុងការជំរុញការអនុវត្តគោល ការណ៍ប្រតិបត្តិស្តង់ដានេះ ឱ្យមានប្រសិទ្ធភាព ខ្ពស់ ប្រកបដោយស្មារតីទទួលខុសត្រូវដើម្បីធានាបាននូវនិរន្តភាព ខ្សែសង្វាក់ ផលិតកម្ម អាជីវកម្ម ការរក្សាបាននូវស្ថិរភាពការងារ និងប្រាក់ចំណូល ដែលជាផលប្រយោជន៍រួមទាំងនិយោជក និងបងប្អូន កម្មករ និយោជិត ដោយចូលរួម បង្ការ មិនឱ្យមានហានិភ័យកើតឡើង ដោយសារតែការរីក រាលដាល នៃជំងឺឆ្លង ទាំងឡាយ ជាពិសេស ជំងឺកូវីដ-១៩។

ចំណុចសំខាន់ៗ នៃគោលការណ៍ប្រតិបត្តិស្តង់ដានេះ រួមមាន៖ ១-យន្តការដំណើរការ និងការគ្រប់គ្រង, ២-វិធានការដំណើរការការងារ តាមគន្លង ប្រក្រតីភាពថ្មី (មុនចាប់ផ្តើមដំណើរការ ការងារប្រចាំថ្ងៃ, អំឡុងពេលដំណើរការ ការងារប្រចាំថ្ងៃ និងក្រោយបញ្ចប់ដំណើរការការងារប្រចាំថ្ងៃ), ៣. ការគ្រប់គ្រង ករណីវិជ្ជមានកូវីដ-១៩ , ៤. ការវាយតម្លៃហានិភ័យ និង៥. យន្តការអធិការកិច្ច ត្រួតពិនិត្យតាមដាន និងវាយតម្លៃ។

លោក អ៊ិត សំហេង បានលើកឡើងថា៖ មុននឹងសម្រេចបាននូវសេចក្តីព្រាង គោលការណ៍ ប្រតិបត្តិស្តង់ដានេះគឺមន្ត្រីជំនាញរបស់ក្រសួងបានពិនិត្យដកស្រង់ យក នូវវិធានការសុវត្ថិភាព និងសុខភាពការងារ នៅកន្លែងធ្វើការ ដែលមានចែង នៅក្នុងច្បាប់ ស្តីពីការងារ លិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធនានា រួមជាមួយនឹងវិធានការ សុខាភិបាល និងឯកសារ ដែលបានចេញផ្សាយដោយអង្គការអន្តរជាតិ ខាងការងារ (ILO)និងអង្គការសុខភាពពិភពលោក (WHO)យកមករៀបចំឱ្យ ទៅជា ឯកសារ គោលការណ៍ណែនាំ រួមមួយ ដែលមានលក្ខណៈ គ្រប់ជ្រុង ជ្រោយ សំដៅធ្វើយ៉ាងណា អាចធានាបាន នូវប្រសិទ្ធភាព កាន់តែខ្ពស់ ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងគ្រប់ប្រភេទ។

សូមបញ្ជាក់ជូនផងដែរថា គោលការណ៍ប្រតិបត្តិស្តង់ដារនេះ បានឆ្លងកាត់ការពិនិត្យ និងផ្តល់យោបល់ពីអនុគណៈកម្មការផែនការ អនុគណៈកម្មការវាយ តម្លៃផែនការ និងយុទ្ធសាស្ត្រ នៃគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ មុននឹងដាក់ឆ្លង ស្នើសុំការពិនិត្យសម្រេចពី គណៈប្រចាំការ នៃគណៈកម្មការ ជាតិប្រយុទ្ធនឹងជំងឺ កូវីដ-១៩ នាកិច្ចប្រជុំថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ហើយទទួលបានគោលការណ៍ ឯកភាព ដ៏ខ្ពស់ខ្ពស់ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជាប្រធានគណៈកម្មការ ជាតិ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២