សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចុះពិនិត្យ យុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់ពលរដ្ឋ អាយុ១៨ឆ្នាំឡើង និងអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ នៅខេត្តសៀមរាប

ខេត្តសៀមរាប ៖ យុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់ពលរដ្ឋអាយុ១៨ឆ្នាំឡើង និងអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ ដោយក្រុមគ្រូពេទ្យស៊ីវិល មានរយៈ ពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១០ ខែមករានេះទៅនៅមន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងមណ្ឌលសុខភាពនានា ទូទាំងខេត្តសៀមរាប។

ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំង ដោយផ្ទាល់ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

ការចាក់វ៉ាក់សាំងសម្រាប់ពលរដ្ឋអាយុ១៨ឆ្នាំឡើង ដោយក្រុមគ្រូពេទ្យយោធារយៈពេល១០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១០នេះ នៅតាមទីវត្តអារាម និងសាលាឃុំ ទីតាំងនានា ដែលអាជ្ញាធរបានកំណត់។

ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង និងអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ ត្រូវភ្ជាប់មកជាមួយនូវប័ណ្ណចាក់វ៉ាក់សាំងពណ៌ខៀវ ដែលចាក់ដោយក្រុមគ្រូ ពេទ្យស៊ីវិល ឬប័ណ្ណចាក់វ៉ាក់សាំង ដែលចាក់ដោយក្រុមគ្រូពេទ្យយោធា ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងអត្តសញ្ញាណប័ណ្ណ។ ជាមួយគ្នានេះ អ្នកទៅចាក់វ៉ាក់សាំងត្រូវតែបន្តអនុវត្តន៍ នូវវិធាន សុខាភិបាល ៣ការពារ និង៣កុំ រក្សាគម្លាត និងពាក់ម៉ាស់។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា សមិទ្ធផលនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មកដល់ពេលនេះ គឺកើតឡើងដោយសារការខិតខំប្រឹងប្រែងប្រកបដោយភាពទន់ភ្លន់ និងការគិតគូរដ៏វៃឆ្លាត នៃសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល កម្ពុជា។

សម្តេចបានបន្តថា ការកាត់ផ្តាច់ការឆ្លង និងការចម្លងជំងឺកូវីដ-១៩ ចាំបាច់គឺ មិនអាច ខ្វះបាននូវការចូលរួមពីសហគមន៍ និងមានការទទួលខុសត្រូវដោយចាប់ផ្តើមចេញពីបុគ្គលម្នាក់ៗនោះទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២