សូមប្រយ័ត្ន ចំពោះផលិត Actemra® Roche 400 mg/20 ml ព្រោះគ្មានលេខបញ្ជីការ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល

ភ្នំពេញ ៖ នៅក្នុងសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល ស្ដីពីការហាមឃាត់ការចែកចាយ ឬលក់ឱសថឈ្មោះ Actemra® Roche 400 mg/20 ml គ្មានលេខបញ្ជីការ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ឱសថការីទទួលខុសត្រូវបច្ចេកទេសនៃគ្រឹះស្ថានលក់ឱសថ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ តាមការស្រាវជ្រាវរបស់ក្រសួងសុខាភិបាលឃើញមានឱសថឈ្មោះ Actemra® Roche 400 mg/20 ml គ្មានលេខបញ្ជីការ កំពុងដាក់លក់ នៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ដែលស្រដៀងនឹងឱសថពិត ដែលនាំចូលដោយ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ DKSH (CAMBODIA) CO., LTD.) មានលេខបញ្ជីការពីក្រសួងសុខាភិបាល។

អាស្រ័យដូចបានជម្រាបជូនខាងលើ និងអនុលោមតាមច្បាប់ស្ដីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីការគ្រប់គ្រងឱសថ ក្រសួងសុខាភិបាលសូមធ្វើការណែនាំដូចតទៅ៖

១- សូមអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ណែនាំដល់ឯកឧត្តម លោកជំទាវប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រប់គ្រឹះស្ថានលក់ឱសថទាំងអស់ឱ្យបញ្ឈប់ការលក់ឱសថគ្មានលេខបញ្ជីការ ខាងលើ ជាបន្តទៀត។

២-ភ្នាក់ងារត្រួតពិនិត្យឱសថនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ត្រូវសហការជាមួយមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីតាមដានរកជនខិលខូចមកផ្តន្ទាទោស និងប្រមូលឱសថគ្មានលេខបញ្ជីការខាងលើ មកកម្ទេចចោល។ ៣-លោក លោកស្រីឱសថការី ដែលទទួលខុសត្រូវបច្ចេកទេសនៃគ្រឹះស្ថានលក់ឱសថ ព្រមទាំងលោក លោកស្រីអាជីវករ
ទាំងអស់ ត្រូវបញ្ឈប់ការចែកចាយ និងលក់ឱសថគ្មានលេខបញ្ជីការខាងលើ ជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ចំពោះគ្រឹះស្ថានលក់ឱសថ និងបុគ្គលទាំងឡាយណា ដែលនៅតែបន្តចែកចាយ ឬលក់ឱសថគ្មានលេខបញ្ជីការខាងលើ តាមច្បាប់ជាធរមាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២