រយៈពេល១៦ឆ្នាំមកនេះ មជ្ឈមណ្ឌលជាតិបានបញ្ជូនកងទ័ពមួកខៀវ ជិត៨ពាន់នាក់ ទៅបំពេញបេសកកម្មក្នុងប្រទេសចំនួន៩

ភ្នំពេញ ៖ ១៦ឆ្នាំមកនេះ មជ្ឈមណ្ឌលជាតិបានបញ្ជូនកងកម្លាំងសរុបប្រមាណជា ៧៨៩៩នាក់ (នារីចំនួន៥២៨នាក់) ទៅបំពេញបេសកកម្មចំនួន១១លើក ក្នុងប្រទេសចំនួន៩មានជាអាទិ៍៖ ស៊ូដង់ ឆាដ ស៊ូដង់ខាងត្បូង លីបង់ សាយប្រឺស ស៊ីរី ម៉ាលី អាហ្វ្រិកកណ្តាល និងយេមែន ដោយទទួលបានស្នាដៃដ៏ត្រចះត្រចង់។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពក្នុងពិធីសំណេះសំណាល ជាមួយកម្លាំងទ័ពមួកខៀវ ត្រូវចេញទៅបំពេញបេសកកម្មនៅអង្គការសហប្រជាជាតិ បានថ្លែងថា ៖ គិតចាប់ពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន គឺមានរយៈពេល១៦ឆ្នាំមកហើយ ដែលមជ្ឈមណ្ឌលជាតិបានបញ្ជូនកងកម្លាំងសរុបចំនួន ៧៨៩៩នាក់ ក្នុងនោះមាននារីចំនួន៥២៨នាក់ ទៅកាន់បេសកកម្មចំនួន១១លើក ក្នុងប្រទេសចំនួន៩មានជាអាទិ៍៖ ស៊ូដង់ ឆាដ ស៊ូដង់ខាងត្បូង លីបង់ សាយប្រឺស ស៊ីរី ម៉ាលី អាហ្វ្រិកកណ្តាល និងយេមែន ដោយទទួលបានស្នាដៃដ៏ត្រចះត្រចង់។

ហើយនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងបញ្ជូនកងទ័ពមួកខៀវ ជាង៤០០នាក់ ទៅចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ និងទៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដើម្បីប្តូរវេនកម្លាំងចាស់ ដែលត្រូវបញ្ចប់បេសកកម្មរយៈពេល១ឆ្នាំ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធាន គណៈកម្មាធិការជាតិសម្របសម្រួលនៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាព បានថ្លែងថា កម្លាំងមួកខៀវកម្ពុជា ដែលត្រៀមចេញទៅបេសកកម្មនេះ គឺជាការឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តបង្កើនការចូលរួមទាំងបរិមាណ និងគុណភាព របស់ប្រមុខរាជរដ្ឋាភិបាល ហើយកម្លាំងទាំងនេះ បាននឹងកំពុងទទួលការហ្វឹកហ្វឺនស្របតាមការកែទម្រង់ថ្មីរបស់ អ.ស.ប. តាមរយៈសកម្មភាពដើម្បីសន្តិភាព និងស្របទៅនឹងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២