រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំកន្លែងផ្ដល់សេវាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋចំនួន ៤២ទីតាំង

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំកន្លែងផ្ដល់សេវាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋចំនួន ៤២ទីតាំង និងបានរៀបចំឧបត្ថម្ភម៉ាស់ជូនដល់រដ្ឋបាលខណ្ឌទាំង១៤ ផ្សាររដ្ឋទាំងអស់ ដោយក្នុងមួយខណ្ឌទទួលបាន ១ម៉ឺនម៉ាស់ ផ្សាររដ្ឋនីមួយៗទទួលបាន ៥ពាន់ម៉ាស់។

នេះជាការបញ្ជាក់ពី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្ដីពីការជំរុញការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ តាមរយៈប្រព័ន្ធ Video Zoom ដោយមានការចូលរួមពីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលខណ្ឌទាំង១៤។

ឯកឧត្ដម ឃួង ស្រេង ក៏បានអំពាវនាវឱ្យគ្រប់មន្ទីរអង្គភាពជំនាញពាក់ព័ន្ធទាំងអស់ត្រូវធ្វើការណែនាំដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ត្រូវបន្តអនុវត្ត ៣ការពារ ៣កុំ និងត្រូវគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសមន្ទីរអប់រំ យុវជន និងកីឡា ត្រូវចេញលិខិតជូនដល់មាតាបិតាអាណាព្យាបាលសិស្សទាំងអស់ត្រូវទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ទាំងដូសមូលដ្ឋាន ទាំងដូសជំរុញ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ដែលកំពុងតែចូលមកដល់សហគមន៍ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២