រដ្ឋាភិបាលជប៉ុនផ្តល់ឥណទានសម្បទានប្រមាណ១៨៥ លានដុល្លារ ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី២ នៅកម្ពុជា

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាស្ដីពីការផ្ដល់ឥណទានសម្បទានអនុវត្តគម្រោងគាំទ្របន្ទាន់ឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ ដំណាក់កាលទី២ ដែលរដ្ឋាភិបាលជប៉ុនបានផ្តល់ឥណទានសម្បទានចំនួន ២០ ប៊ីលានយ៉េនស្មើនឹងប្រមាណ ១៨៥ លានដុល្លារអាមេរិក នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅវិមានសន្តិភាព។

អញ្ជើញចុះហត្ថលេខលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទាន ដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា។ ក្នុងនោះដែរ ក៏មានការចុះហត្ថលេខារវាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោកស្រី KAME Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោង”គាំទ្របន្ទាន់ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវីង-១៩ ដំណាក់កាលទី២ នៅកម្ពុជា“។

ថវិកាកម្ចីនេះ ប្រើសម្រាប់គាំទ្រសកម្មភាពនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិ បាលកម្ពុជាឆ្លើយតបទៅនឹងផលប៉ះពាល់សុខភាពសង្គម និងសេដ្ឋកិច្ចដោយសារជំងឺ កូវីដ-១៩។

គួររំលឹកផងដែរថា កាលពីឆ្នាំ ២០២០ រដ្ឋាភិបាលជប៉ុនបានផ្តល់កម្ចីជាង ២២៧លានដុល្លារ សម្រាប់ប្រើប្រាស់ក្នុងការគាំទ្រហិរញ្ញវត្ថុដល់ប្រជាជន ដែលរងផលប៉ះពាល់ ដោយសារកូវីដ១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល។ មកទល់ពេលនេះរដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយសរុបប្រមាណជាង ៦០ លានដុល្លារអាមេរិកដល់កម្ពុជា ដែលរួមមានការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យការគាំទ្រតាមរយៈអង្គការអន្តរជាតិនានា សម្រាប់វិធានការទប់ស្កាត់ការចម្លងជំងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឲ្យបានត្រឹមត្រូវផងដែរ ក្នុងនោះជប៉ុនក៏បានផ្តល់វ៉ាក់សាំងអាស្តាហ្សេនីការចំនួន ១លាន ៣សែនដូសដល់កម្ពុជាផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២