ឆាប់ចប់! កងកម្លាំងដឹកនាំដោយ រុស្ស៊ី ត្រៀមដកទ័ពចេញពីកាហ្សាក់ស្ថាន បន្ទាប់ពីបញ្ចប់បេសកកម្មបង្ក្រាបកុបកម្ម

ទាហានមកពីអង្គការសន្ធិសញ្ញាសន្តិសុខ (Collective Security Treaty Organisation – CSTO) សម្ព័ន្ធមិត្តនៃទាហានអតីតសហភាពសូវៀត ៦ប្រទេស ភាគច្រើនជាកម្លាំងកងទ័ព រុស្ស៊ី ត្រូវបានបញ្ជូនកងទ័ពចូលទៅប្រចាំការក្នុងកាហ្សាក់ស្ថាន កាលពីសប្តាហ៍កន្លងទៅ តាមការស្នើសុំរបស់ប្រធានាធិបតី ខាសស៊ិម ចូម៉ាត តូកាយ៉េប (Kassim-Jomart Togayev) ដើម្បីទប់ស្កាត់ស្ថានការណ៍ចលាចលយ៉ាងអាក្រក់បំផុត នៅក្នុងប្រទេស ចាប់តាំងពីប្រទេសមួយនេះទទួលបានឯករាជ្យជាង ៣០ឆ្នាំមកនោះ។

បាតុកម្មប្រឆាំងទៅនឹងការកើនឡើងនៃតម្លៃប្រេងនៅក្នុងប្រទេសដែលមានប្រជាជន ១៩លាននាក់ ជាប្រទេសសម្បូរទៅដោយធនធានប្រេង និងឧស្ម័ន បានចាប់ផ្តើមកាលពីថ្ងៃទី២ ខែមករា បន្ទាប់មកបាតុកម្មបានរីករាលដាលជាទ្រង់ទ្រាយធំប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក តូកាយ៉េប នៅប៉ុន្មានថ្ងៃបន្ទាប់មក បាតុកម្មបានប្រែក្លាយទៅជាកុបកម្មហិង្សាយ៉ាងធ្ងន់ធ្ងរ ប៉ះទង្កិតជាមួយកម្លាំងសមត្ថកិច្ច បណ្តាឲ្យមានប្រជាជនរាប់សិបនាក់រងរបួស និងស្លាប់ ព្រមទាំងមានការចាប់ឃាតខ្លួនផងដែរ។

នៅទីក្រុង Almaty ដែលជាអតីតរាជធានី និងជាទីក្រុងធំបំផុតរបស់កាហ្សាក់ស្ថាន ក្រុមបាតុករបានដុតអគាររដ្ឋាភិបាល និងបានលុកលុយចូលកាន់កាប់អាកាសយានដ្ឋានក្នុងរយៈពេលខ្លី ភាពចលាចលភាគច្រើនបានកើតឡើងកាលពីចុងសប្តាហ៍មុន។លោកប្រធានាធិបតី Kassim-Jomart Togayev បានធ្វើការចោទប្រកាន់ទៅហ្វូងបាតុករបង្កចលាចលបះបោរដែលទទួលបានការគាំទ្រពីបរទេស និងបានអះអាងការថ្លែងស្នើសុំជំនួយពីអង្គការសន្ធិសញ្ញាសន្តិសុខរួមគឺមានភាពយុត្តិធម៌។

“នៅពេលយើងធ្វើការសម្រេចចិត្តនេះ យើងអាចបាត់បង់ការគ្រប់គ្រងទីក្រុង Almaty វាកំពុងត្រូវបានហែកជាបំណែក ៗដោយភេរវករ ប្រសិនបើយើងបាត់បង់ Almaty យើងនឹងបាត់បង់រដ្ឋធានី និងប្រទេសទាំងមូល” លោក Togayev បានថ្លែងប្រាប់សភាកាហ្សាក់ស្ថានកាលពីថ្ងៃអង្គារម្សិលមិញ។
លោកប្រធានាធិបតីបានប្រកាសថា អង្គការសន្ធិសញ្ញាសន្តិសុខរួមបានបញ្ចប់បេសកកម្មរបស់ខ្លួនមួយផ្នែកធំនឹងបានចាប់ផ្តើមដកទ័ពចេញក្នុងរយៈពេលពីរថ្ងៃបន្ទាប់ ដំណើរការរំពឹងថា នឹងប្រើពេលមិនលើសពី ១០ ថ្ងៃទេ។
នៅពេលអ្នកសារព័ត៌មានសួរថា ចលនាខាងលើវាឆាប់រហ័សពេកឬអត់ ចាប់តាំងពីទាហានទើបតែមកដល់ កាហ្សាក់ស្ថានកាលពី៥ថ្ងៃមុន អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានថ្លែងថា វាជាឯកសិទ្ធិទាំងស្រុង របស់កាហ្សាក់ស្ថាន “វាជាការវិភាគរបស់ពួកគេ ហើយយើងគ្មានសិទ្ធិជ្រៀតច្រែកទេ»។

លោក Togayev ក៏បានតែងតាំងនាយករដ្ឋមន្ត្រីថ្មី និងរដ្ឋាភិបាលថ្មីកាលពីថ្ងៃអង្គារម្សិលមិញ ដោយឧបនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីមួយចំនួនរបស់រដ្ឋាភិបាលមុននៅតែផ្តល់សេចក្តីទុកចិត្តប្រគល់ឱ្យកាន់តំណែងបន្ត។
រដ្ឋាភិបាល កាហ្សាក់ស្ថាន បានលាលែងពីតំណែងកាលពីសប្តាហ៍មុន ជាហេតុផលមួយដើម្បីរំងាប់កំហឹងរបស់បាតុករ ក៏ដូចជាការរក្សារយៈពេល 180ថ្ងៃលើតម្លៃប្រេងឥន្ធនៈ និងបណ្តេញអតីតប្រធានាធិបតីវ័យ 81ឆ្នាំ Nursultan Nazarbayev ដែលបានគ្រប់គ្រងប្រទេសកាហ្សាក់ស្ថានអស់រយៈពេលជាង 3 ទសវត្សរ៍ពីតំណែងដ៏មានឥទ្ធិពលរបស់គាត់ជាប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ។

Alikan Smailov វ័យ 49ឆ្នាំ ជានាយករដ្ឋមន្ត្រីថ្មី ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងឧបនាយករដ្ឋមន្ត្រីលេខ១ នៃប្រទេសកាហ្សាក់ស្ថាន សភានៅទីក្រុង Almaty ដែលរងផលប៉ះពាល់ដោយកុបកម្ម បានចាប់ផ្តើមវិលទៅរកភាពស្ងប់ស្ងាត់វិញក្នុងសប្តាហ៍នេះ ជាមួយនឹងការបើកដំណើរប្រព័ន្ធដឹកជញ្ជូនសាធារណៈ សេវាកម្ម ផ្សារទំនើប ហាងទំនិញ និងម្ចាស់ហាងមួយចំនួនដែលត្រូវជនខិលខូចចូលលួចទំនិញក្នុងហាង កំពុងវាយតម្លៃពីការខូចខាត។

ក្រសួងមហាផ្ទៃ កាហ្សាក់ស្ថាន កាលពីថ្ងៃអង្គារ បានរាយការណ៍ថាមានមនុស្សជាង 9,900នាក់ត្រូវបានឃុំខ្លួន ដោយសារតែបង្កចលាចល និងនៅឯវិមានប្រធានាធិបតីក៏បានលាតត្រដាង ពីការបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មចំនួន 338ករណី ទៅលើការបង្កចលាចលផ្សេងៗ និងការវាយដំទៅលើមន្ត្រីអនុវត្តច្បាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២