ក្រសួងសុខាភិបាល ប្រកាសឱ្យពលរដ្ឋឈប់ប្រើប្រាស់ចំណីអាហារប្រភេទនេះ… ប្រយ័ត្នមានគ្រោះថ្នាក់ដល់ជីវិត

ភ្នំពេញ ៖ យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្ដីពីការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកចំនួន២ ដែលកំពុងផ្សព្វផ្សាយលក់ ផលិតផលចំណីអាហារ I Blue និង NONI GIA ដោយគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។

នៅក្នុងសេចក្តីជូនដំណឹងនោះបានបន្តថា ៖ យោងតាមការពិនិត្យលើបណ្ដាញសង្គមហ្វេសប៊ុកមានគណនីឈ្មោះ៖ Kim Huot II និងគណនីឈ្មោះ Nonigin Stomach កំពុងផ្សព្វផ្សាយលក់ផលិតផលចំណីអាហារឈ្មោះ IBlue និងផលិតផលចំណីអាហារឈ្មោះ NONI GIA របស់ក្រុមហ៊ុនស៊ីណូ ឯ.ក ដោយគ្មានច្បាប់អនុញ្ញាតឱ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ។

អនុលោមតាមប្រកាសលេខ ៤៣០១អបស/អបស ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ស្ដីពីលក្ខខណ្ឌក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលចំណីអាហារ ដែលតម្រូវឱ្យរាល់ការផ្សព្វផ្សាយផលិតផលចំណីអាហារតាមគ្រប់រូបភាព ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល។

ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ ឬទិញផលិតផលចំណីអាហារដែលផ្សព្វផ្សាយគ្មានលក្ខណៈវិទ្យាសាស្ត្រតាមគណនីហ្វេសប៊ុកឈ្មោះខាងលើ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ។

ក្នុងករណីបងប្អូនត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ក្រសួងសុខាភិបាល សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០៨៥ ៥៣ ៨០ ៦៦, ០៧៧ ៨០ ៤៩ ៦៦។ សូមភ្ជាប់មកជាមួយនូវរូបភាពគណនីហ្វេសប៊ុកខាងលើ និងរូបភាពផលិតផលខុសច្បាប់ដូចខាងក្រោម៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២