ត្បូងពេជ្រខ្មៅដ៏កម្រទំហំ 555.55 ការ៉ាត់ ដែលគេអះអាងថា បានមកពីអវកាសកំពុងដាក់ឱ្យដេញថ្លៃហើយ ក្នុងតម្លៃ 6.8 លានដុល្លារ

ត្បូងពេជ្រខ្មៅដ៏កម្រ ដែលមានទំហំ 555.55 ការ៉ាត់ ត្រូវបានក្រុមហ៊ុនSotheby’s Dubai ដាក់បង្ហាញឱ្យដេញថ្លៃហើយ ។ ត្បូងពេជ្រខ្មៅនេះ ត្រូវបានក្រុមហ៊ុន Sotheby’s ដាក់ឈ្មោះថា “The Enigma”ដែលត្រូវបានគេអះអាងថា បានមកពីលំហអាកាស ត្រូវបានបង្កើតឡើងពីឥទ្ធិពលអាចម៍ផ្កាយ ឬពីអាចម៍ផ្កាយ “ពេជ្រ” ដែលបានបុកជាមួយផែនដី។

បើយោងតាមក្រុមហ៊ុន Sotheby’s បានរំពឹងថា វានឹងលក់បានដល់ទៅ 5 លានផោន (6.8 លានដុល្លារ) បន្ទាប់ពីវា ត្រូវបានគេដាក់តាំងបង្ហាញនៅខែកុម្ភៈ នៅទីក្រុងឡុងដ៍ ,ទីក្រុងឌូបៃ និងឡូសអេនជឺលេស ។

ត្បូងពេជ្រខ្មៅដែលគេបានស្គាល់ថា ជាត្បូងពេជ្រ Carbonado អាចមានអាយុកាលចន្លោះពី 2.6 ទៅ 3.8 ពាន់លានឆ្នាំមុន ហើយមានបរិមាណដាននៃអាសូត និងអ៊ីដ្រូសែន ដែលជាធាតុត្រូវបានរកឃើញនៅក្នុងលំហអន្តរតារា។ ពួកវាក៏មានផ្ទុកសារធាតុ osbornite ដែលជាសារធាតុរ៉ែ ដែលមាននៅក្នុងអាចម៍ផ្កាយផងដែរ។

Nikita Binani អ្នកឯកទេសគ្រឿងអលង្ការនៅក្រុមហ៊ុន Sotheby’s នៅទីក្រុងឡុងដ៍ បានហៅពេជ្រខ្មៅនេះថា “បាតុភូតធម្មជាតិពិត” ។ នាងបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះថា “ការលក់របស់ដ៏កម្រនេះគឺវាផ្តល់ឱកាសម្តងក្នុងមួយជីវិត ដើម្បីទទួលបានអច្ឆរិយវត្ថុ ដ៏កម្របំផុត ដែលមានអាយុកាលមួយពាន់លានឆ្នាំ ដែលមនុស្សជាតិបានស្គាល់នាពេលនេះ” ។

រូបរាងរបស់ពេជ្រនេះត្រូវបានបំផុសគំនិត ដោយនិមិត្តសញ្ញាបាតដៃមជ្ឈិមបូព៌ានៃ Hamsa ដែលជាសញ្ញានៃការការពារ ដែលមានន័យថាប្រាំនៅក្នុងភាសាអារ៉ាប់។ បន្ថែមពីលើទំហំ 555.55 ការ៉ាត់របស់វា វាក៏មានមុខ 55 ការ៉ាត់ផងដែរ។ តំណាងក្រុមហ៊ុនSotheby’s បានឱ្យដឹងថា ពេជ្រខ្មៅដែលបានដាក់លក់កាលពីអតីតកាលក្នុងតម្លៃលើសពី £10,000 ($13,600) ក្នុងមួយការ៉ាត់។

ត្បូងពេជ្រខ្មៅនេះ នឹងបើកដាក់ឱ្យដេញថ្លៃតាមអ៊ីនធឺណិតចាប់ពីថ្ងៃទី 3 ដល់ថ្ងៃទី 9 ខែកុម្ភៈ ហើយគេនឹងទទួលយករូបិយប័ណ្ណគ្រីបតូ ដើម្បីធ្វើការទូទាត់៕

ប្រភព៖CNN

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២