ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កោះប្រជុំបន្ទាន់មួយ រឿងកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលម្តងហើយ ម្តងទៀត

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កំពុងរៀបចំកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ដើម្បីពិភាក្សាអំពីការបាញ់សាកល្បងមីស៊ីលម្តងហើយម្តងទៀតរបស់កូរ៉េខាងជើង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ថ្មីៗនេះ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ។

កូរ៉េខាងជើង បានបាញ់មីស៊ីលសរុបចំនួន ៦គ្រាប់ ឆ្ពោះទៅកាន់សមុទ្រជប៉ុនចំនួន៤ដង ចាប់តាំងពីដើមឆ្នាំនេះមក។ ទីក្រុង ព្យុងយ៉ាង និយាយថា មីស៊ីល ដែលបាញ់ កាលពីថ្ងៃច័ន្ទគឺជាកាំជ្រួចនាំផ្លូវជាយុទ្ធសាស្ត្រ។

សហរដ្ឋអាមេរិក ជប៉ុន និងប្រទេសផ្សេងទៀតបានថ្កោលទោសការបាញ់បង្ហោះនេះថា ជាការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ពួកគេទទូចថា កូរ៉េខាងជើងបានប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលផ្លោងនៅក្នុងការបាញ់សាកល្បង។

ប្រភពការទូតរបស់អង្គការសហប្រជាជាតិបាននិយាយថា បណ្តាប្រទេសដែលជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមទាំងសហរដ្ឋអាមេរិក អង់គ្លេស និងបារាំង បានស្នើសុំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់។

ប្រភពដដែលបាននិយាយថា ការរៀបចំកំពុងដំណើរការ សម្រាប់កិច្ចប្រជុំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។

ក្រុមប្រឹក្សាសន្តិសុខបានបើកកិច្ចប្រជុំបន្ទាន់មួយ បន្ទាប់ពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង កាលពីថ្ងៃទី០៥ ខែមករា។ ប៉ុន្តែប្រទេសសមាជិកគ្រាន់តែបញ្ជាក់ពីទស្សនៈរបស់ពួកគេ ហើយមិនបានយល់ព្រម លើការឆ្លើយតបដោយរួបរួមមួយនោះទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២