ក្នុងឆ្នាំ ២០២១ អន្ទាក់ចំនួន ៦១ ៦១១ ត្រូវដោះចេញពីតំបន់ការពារធម្មជាតិ និងកាំភ្លើងកែច្នៃចំនួន ៧៥៨ គ្រឿងត្រូវបានដកហូត

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់នៅថ្ងៃទី១៩ ខែ មករានេះថា «ក្នុងកិច្ចខិតខំប្រឹងប្រែងការពារ អភិរក្សព្រៃឈើ និងសត្វព្រៃនៅកម្ពុជា មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន រួមជាមួយអង្គការអភិរក្សជាដៃគូ និងសហគមន៍តំបន់ការពារ ធម្មជាតិបានដោះអន្ទាក់បានចំនួន ៦១ ៦១១ អន្ទាក់ពីក្នុងតំបន់ការពារធម្មជាតិ ដែលបានជួយសង្គ្រោះសត្វព្រៃមិនឱ្យជាប់អន្ទាក់របស់ព្រានព្រៃ និងគ្រោះថ្នាក់ដល់មនុស្ស»។

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា បរិមាណអន្ទាក់ដែលបានដោះនៅឆ្នាំ ២០២១ កន្លងទៅនេះមានចំនួនកើនឡើងប្រមាណជា ២០% បើ ប្រៀបធៀបនឹងបរិមាណអន្ទាក់ដោះបាននៅឆ្នាំ២០២០ ដែលមានចំនួន ៤៣ ២៧០ អន្ទាក់។ អន្ទាក់ជាឃាតកលាក់មុខសម្លាប់សត្វព្រៃ ព្រោះមានប្រភេទអន្ទាក់ឆក់ ខ្សែភ្លើង អន្ទាក់វាយបំបាក់ស្មងជើង និងប្រភេទផ្សេងៗទៀត។

ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា អន្ទាក់នៅតែជាការគំរាមកំហែងយ៉ាងខ្លាំងដល់សត្វព្រៃគ្រប់ប្រភេទ ជាពិសេសសត្វជើងចំពាម ហើយមិនមែនត្រឹមតែកម្ពុជាទេ ដែលមានបញ្ហាប្រឈមនឹងវត្តមានអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិ គឺតំបន់អភិរក្សនៅតាមបណ្តាប្រទេសនានាក្នុងទ្វីបអាស៊ីក៏ទទួលរងនូវការគំរាមកំហែង ដោយសារតែអន្ទាក់ផងដែរ។ អន្ទាក់ជាច្រើនលានត្រូវបានគេដឹងថាបានដាក់នៅក្នុងតំបន់អភិរក្សក្នុងប្រទេសវៀតណាម កម្ពុជា ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូច្នេះថា៖ «កត្តាដែលគំរាមកំហែងខ្លាំង ចំពោះសត្វព្រៃ គឺអន្ទាក់ដែលជាឃាតកលាក់មុខ។ ដោយសារតែសម្ភារសម្រាប់ធ្វើអន្ទាក់មានលក់នៅលើទីផ្សារ និងមានតម្លៃថោក ចំនួនអន្ទាក់ត្រូវបានប៉ាន់ស្មានថា មានការកើនឡើង ហើយនៅអាស៊ីមានអន្ទាក់ ប្រមាណ ជាង ១២លានអន្ទាក់ត្រូវបានលួចដាក់ក្នុងតំបន់ការពារនៅទូទាំងតំបន់អាស៊ី»។

ជារៀងរាល់ថ្ងៃមន្ត្រីឧទ្យានុរក្សមិនត្រឹមតែចុះល្បាត ដើម្បីទប់ស្កាត់បទល្មើសបំផ្លាញធនធាន ធម្មជាតិការកាប់បំផ្លាញព្រៃឈើប៉ុណ្ណោះទេ ប៉ុន្តែមន្ត្រីឧទ្យានុរក្សក៏បានដើរស្វែងរកអន្ទាក់ និងដោះចេញព្រមទាំងបំផ្លាញអន្ទាក់ចោលដើម្បីសង្គ្រោះជីវិតសត្វព្រៃផងដែរ។ សត្វព្រៃជាច្រើនក្បាលត្រូវបានសង្គ្រោះនៅនឹងកន្លែងនិងព្រលែងចូលក្នុងព្រៃធម្មជាតិវិញ ហើយចំពោះសត្វព្រៃ ដែលរងរបួស ឬសុខភាពមិនអំណោយផល ក្រុមមន្ត្រីឧទ្យានុរក្សអាចទាក់ទងក្រុមមន្ត្រីជំនាញពេទ្យសត្វដើម្បី យកមកថែរក្សានិងព្យាបាលឱ្យជាសះស្បើយ មានសុខភាពល្អ មុននឹងព្រលែងចូលក្នុងព្រៃធម្មជាតិវិញ។

ក្រៅពីអន្ទាក់ដែលបានបង្កគ្រោះថ្នាក់សម្លាប់សត្វព្រៃ មន្ត្រីឧទ្យានុរក្សក៏បានដកហូតកាំភ្លើងកែច្នៃប្រើប្រាស់ សម្រាប់ការប្រមាញ់សត្វព្រៃចំនួន ៧៥៨ ដើមត្រូវបានដកហូតនៅឆ្នាំ ២០២១។ បរិមាណនេះប្រហាក់ប្រហែលនឹងឆ្នាំ ២០២០ ដែរ។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការកើនឡើងនៃកាំភ្លើងកែច្នៃក៏ជាផ្នែកមួយគំរាមកំហែងដល់សត្វព្រៃ ហើយកាំភ្លើងកែច្នៃនេះ គឺជាអាវុធដែលគ្រោះថ្នាក់បំផុតផងដែរ។ លើសពីនេះ សត្វឆ្កែប្រដេញ ក៏ជាមូលហេតុនាំឱ្យប៉ះពាល់ដល់សត្វព្រៃដែរ។ ប្រជាជនមួយចំនួនបានចិញ្ចឹមសត្វឆ្កែប្រដេញជាហ្វូង ដើម្បីបណ្តើរចេញទៅប្រមាញ់សត្វព្រៃ ដែលជាកត្តារួមផ្សំធ្វើឱ្យចំនួនសត្វព្រៃត្រូវបានថយចុះដោយការប្រមាញ់ និង ស្លាប់ដោយសារតែជំងឺឆ្លងពីឆ្កែស្រុក។ដើម្បីបញ្ឈប់ការបរបាញ់សត្វ បញ្ឈប់ការដាក់អន្ទាក់ចាប់សត្វ សូមប្រជាពលរដ្ឋកុំបរិភោគសាច់សត្វ កុំជួញដូរសត្វព្រែ និងកុំជឿលើជំនឿថា បរិភោគសាច់សត្វ ឈាម ឬយកឆ្អឹងសត្វព្រៃទៅធ្វើឱសថប៉ូវកម្លាំងឬជំនួយដល់សុខភាព តែវាអាចនឹងធ្វើឱ្យបងប្អូនប្រឈមមុខនឹងគ្រោះថ្នាក់ទៅវិញ ដោយសារតែអាចមានមេរោគផ្សេងៗ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២