បុរសជនជាតិបរទេសម្នាក់ បើករថយន្តបុ. កម៉ូតូបណ្តាលឲ្យបុរសពីរនាក់រងរបួ..សធ្ង. ន់

ភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់ បានបើករថយន្តយ៉ាងលឿន ហើយក៏ជ្រុលទៅបុកម៉ូតូយ៉ាងពេញទំហឹងបណ្តាលឲ្យបុរសពីរនាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩យប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម125 ស៊េរីឆ្នាំ 2022 មិនទាន់មានស្លាកលេខ បើកបរដោយបុរសម្នាក់ និងរួមដំណើរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ត Macerde C300 ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BH-7688បើកបរដោយបុរសជនជាតិបរទេសម្នាក់ធ្វើដំណើរបញ្ច្រាសទិសគ្នា ហើយក៏បានជ្រុលទៅបុកម៉ូតូយ៉ាងពេញទំហឹងបណ្ដាលឲ្យបុរសពីរនាក់រងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋទំនាក់ទំនងហៅរថយន្តសាម៉ុយមួយដឹកយកទៅសង្គ្រោះភ្លាមៗ។ចំណែកអ្នកបើករថយន្តចុះមកប្រើកាយវិការមិនសមរម្យជាមួយនឹងសមត្ថកិច្ចមូលដ្ឋាន ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកចាំប្រគល់ឲ្យសមត្ថកិច្ចជំនាញចរាចណ៍។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូ និងរថយន្តបង្កទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២