រថយន្តបុ. កម៉ូតូពីក្រោយ ហើយអូសជាច្រើនម៉ែត្របណ្តាលឲ្យបុរសម្នាក់រងរបួ.សធ្ង.ន់

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តយ៉ាងលឿនបានជ្រុលទៅបុកម៉ូតូពីក្រោយ រួចអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យអ្នកបើកម៉ូតូជាប់ក្រោមរថយន្តបណ្តាលឱ្យរងរបួសធ្ងន់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០១ រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែមករាឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ខាងមុខហាងសាច់អាំង១៦៨ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកម៉ូតូម៉ាក Suzuki និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HS-4842 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត Toyota prius ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AN-0700បើកបរដោយបុរសម្នាក់ និងមានបុរសម្នាក់ទៀតរួមដំណើរ ដោយបានបើកបរក្នុងល្បឿនយ៉ាងលឿន ហើយក៏បានជ្រុលទៅបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យអូសជាច្រើនម៉ែត្រ។

ចំណែកអ្នកបើកបរម៉ូតូបានជាប់នៅក្រោមរថយន្តរងរបួសធ្ងន់ និងត្រូវបានបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុនាំគ្នាជួយលើកផ្ងារថយន្តរួចយកជនរងគ្រោះលើកដាក់រថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែកអ្នកបើករថយន្ត និងអ្នករួមដំណើរបាននាំគ្នាគេចចេញពីកន្លែងកើតហេតុបាត់។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្ក និងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២