រថយន្តធុនធំ បុ.កជាមួយរថយន្តតូចប៉ើងធ្លាក់ប្រឡាយទឹក បណ្តាលឱ្យមនុស្ស៥នាក់ រងរបួសធ្ងន់

ខេត្តបាត់ដំបង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយ បានកើតឡើង រវាងរថយន្តធុនធំ បុកជាមួយ រថយន្តធុនតូចប៉ើងធ្លាក់ប្រឡាយទឹក បណ្តាលឱ្យមនុស្សក្មេង ចាស់ចំនួន៥នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅលើកំណាត់ផ្លូវវាងក្រុង ត្រង់ចំណុចក្រុមទី១៣ ក្នុងភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

ពលរដ្ឋនៅទីតាំងកើតហេតុ បានឱ្យដឹងថា ៖ ភាគីខាងរថយន្តតូច ផ្ទុកមនុស្ស ក្មេងចាស់ ប្រុសស្រី ចំនួន៥នាក់ រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

សមត្ថកិច្ច មូលដ្ឋានបានឲ្យដឹងថា ៖ គ្រោះថ្នាក់នេះ ដំបូងឡើយគេឃើញរថយន្តដឹកគ្រឿងចក្រធុនធ្ងន់ មួយគ្រឿងម៉ាក ISUZU ពណ៌ស គ្មានស្លាកលេខបានធ្វើដំណើរចេញពីចំណុចផ្លូវលំ។ ចំណែករថយន្តធុនតូច មួយគ្រឿងទៀត ម៉ាកតូយ៉ូតា កាមរី(ឆ្លាម) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២F-៩៨៦៦ បើកបរលើផ្លូវជាតិ លុះមកដល់ចំណុចផ្លូវបំបែកប្រសព្វ រថយន្តធុនធំ បានបុករថយន្តធុនតូចយ៉ាងពេញទំហឹង បណ្តាលប៉ើងធ្លាក់ចូលប្រឡាយទឹកតែម្តង។

ករណីនេះ កម្លាំងផ្នែកជំនាញ ស្រុក បានរៀបចំប្រគល់ឱ្យនគរបាលការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តបាត់ដំបង ដើម្បីចាត់ចែង និងហៅភាគីពាក់ព័ន្ធឲ្យចូលខ្លួនមកដើម្បីធ្វើការដោះស្រាយនាពេលក្រោយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២