ចិនរាយការណ៍ពីការនាំចូលប្រេងពីអ៊ីរ៉ង់ជាផ្លូវការ លើកដំបូងចាប់តាំងពីខែធ្នូ ឆ្នាំ២០២០មក

(អន្តរជាតិ)៖ តាមការចុះផ្សាយរបស់សារព័ត៌មានCNAនៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២នេះ ទិន្នន័យដែលចេញផ្សាយដោយគយបានបង្ហាញថា ប្រទេសចិនបានរាយការណ៍ពីការនាំចូលប្រេងឆៅពីប្រទេសអ៊ីរ៉ង់ជាលើកដំបូង ក្នុងរយៈពេលមួយឆ្នាំ បើទោះបីជាមានការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកក៏ដោយ។

បើយោងតាមទិន្នន័យពីរដ្ឋបាលទូទៅនៃគយចិន ដែលបានកត់ត្រាបង្ហាញថា ចិនបានទិញប្រេងពីអ៊ីរ៉ង់ចំនួន ២៦០,៣១២តោន កាលពីខែធ្នូ ឆ្នាំ២០២០។ បើគិតពីចំនួនក្រៅផ្លូវការវិញ ការនាំចូលប្រេងរបស់ចិនពីអ៊ីរ៉ង់មានលើសពី ៥០០,០០០ បារ៉ែលក្នុងមួយថ្ងៃជាមធ្យមនៅចន្លោះខែសីហា និងខែតុលា ខណៈដែលអ្នកទិញបានវិនិច្ឆ័យថា ការទទួលបានប្រេងឆៅក្នុងតម្លៃថោក លើសពីហានិភ័យនៃការទប់ស្កាត់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

ពាណិជ្ជករម្នាក់បាននិយាយថា ដើម្បីចៀសវាងការដាក់ទណ្ឌកម្ម ប្រេងឆៅរបស់អ៊ីរ៉ង់ត្រូវបាននាំចេញទៅកាន់ប្រទេសចិន ដែលត្រូវបានសម្គាល់ថា ជាប្រេងពីប្រទេសអូម៉ង់ អេមីរ៉ាតអារ៉ាប់រួម និងម៉ាឡេស៊ី ដោយចេញការផ្គត់ផ្គង់ពីប្រទេសប្រេស៊ីល និងអាហ្វ្រិកខាងលិច។

ការនាំចូលពីប្រទេសអ៊ីរ៉ង់មានចំនួនប្រហែល ៦ភាគរយនៃការនាំចូលប្រេងឆៅរបស់ប្រទេសចិន នេះបើយោងតាមទិន្នន័យដឹកជញ្ជូន និងការប៉ាន់ប្រមាណរបស់ពាណិជ្ជករ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២