ឃាត់ខ្លួនបុរសម្នាក់ រួមជាមួយគ្រឿងញៀន២៥គីឡូក្រាម និងអាវុធវែងចំនួន២ដើម

ភ្នំពេញ ៖ គ្រឿងញៀនប្រមាណជាង២៥គីឡូក្រាម អាវុធវែងចំនួន២ដើម និងគ្រាប់កាំភ្លើងចំនួន៩៦គ្រាប់ ត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបាន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយឃាត់ខ្លួនបុរសជាជនសង្ស័យបានម្នាក់។

អនុវត្តតាមបញ្ជារបស់ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន។

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបញ្ជាក់ឲ្យដឹងថា កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា, លោកវរៈសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ, លោក តឹក សូនី នាយការិយាល័យ ចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ព្រមទាំងមានការសម្របសម្រួលពីលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវឈានទៅបង្រ្កាប នៅចំណុចបន្ទប់ជួលលេខ៩ ផ្លូវលំ ភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័ដែលត្រូវ ឃាត់ខ្លួន មានឈ្មោះ អ៊ាត ម៉ាទី អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ, ចាប់យកវត្ថុតាងមេតំហ្វេតាមីន (ICE)ទម្ងន់២០ គីឡូក្រាម៩៩០.៧៣ក្រាម, អ៊ិចស្តាស៊ី(MDMA) ២គីឡូក្រាម ៨០០ក្រាម, កេតាមីន(Ketamine) ១គីឡូក្រាម ៤០២ក្រាម, សរុបទម្ងន់ ២៥គីឡូក្រាម ១៩២.៧៣ក្រាម, អាវុធវែង២ដើម និងគ្រាប់ចំនួន៩៦គ្រាប់។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២