បុរសម្នាក់បើករថយន្តលឿនពេក ជ្រុលចង្កូតទៅបុ.ករថយន្តធុនធំពីក្រោយ បណ្តាលឲ្យរបួសម្នាក់ និងរថយន្តខ្ទេចស្ទើរទាំងស្រុង

ភ្នំពេញ៖បុរសម្នាក់បានបើករថយន្តក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុកពីក្រោយរថយន្តកូរ៉េដឹកទំនិញធុនធំ បណ្ដាលឲ្យរថយន្តខ្ទេចស្ទើរទាំងស្រុង។ ចំណែកអ្នកបើកបររងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង ២ និង២០នាទីរំលងអធ្រាត្រចូលថ្ងៃទី ២៦ ខែមករាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តកូរ៉េដឹកទំនិញធុនធំ ពណ៌សមួយគ្រឿងពាក់ផ្លាកលេខកំពង់ចាម3A-6600 បើកបរតាមបណ្ដោយផ្លូវជាតិលេខលេខ៤ ក្នុងទិសដៅពីកើតទៅលិច ខណៈបើកមកដល់ចំណុចកើតហេតុទល់មុខនឹងបុរីសែនមនោរម្យ ស្រាប់តែមានបុរសម្នាក់បានបើករថយន្តម៉ាកtoyo ta Prius ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2BG-3010 បើកតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន ក៏បានជ្រុលទៅបុករថយន្តកូរ៉េដឹកទំទិញ ចំពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តខ្ទេចស្ទើរទាំងស្រុង និងអ្នកបើករថយន្តរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់។ ចំណែកអ្នកបើករថយន្តដឹកទំនិញបានរត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់រួចក៏ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ឱ្យចុះមកវាស់វែងស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២