ជនជាតិវៀតណាម ២នាក់ នាំគ្នារៀបគម្រោងប្លន់ អ្នករត់តាក់ស៊ីនៅបាវិត តែមិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តស្វាយរៀង៖ ជនជាតិវៀតណាម២នាក់ បានយកដំបងឆក់អ្នករត់តាក់ស៊ីម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ ប៉ុនប៉ងប្លន់យករថយន្ត តែមិនបានសម្រេច ដោយប្រជាពលរដ្ឋបានឃើញ ស្រែកឆោឡោ រួចប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ឃាត់ខ្លួនបានភ្លាមៗផងដែរ។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីម៉ោងជាង៥ល្ងាច ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ នៅតាមបណ្តោយផ្លូវជាតិលេខ១ នៅចំណុចភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាជនជាតិវៀតណាមទាំង០២នាក់នោះ មានឈ្មោះលូ ស៊ានធាត អាយុ៣១ឆ្នាំ មានទីលំនៅភូមិតឹននិញ ឃុំទឺម៉ាយ ស្រុកអៀងយ៉ុង ខេត្តបាក់យ៉ាង និងឈ្មោះ ង្វៀង កុងឌិន អាយុ២៦ឆ្នាំ មានទីលំនៅភូមិលីវញ៉ាម ឃុំតឹងលីវ ស្រុកអៀងយ៉ុង ខេត្តបាក់យ៉ាង ប្រទេសវៀតណាម។

ក្រោយឃាត់ខ្លួន ជនជាតិវៀតណាមទាំង០២នាក់នោះ បានឆ្លើយសារភាពថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅវេលាម៉ោង៣ និង៣០នាទីរសៀល មានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ចេះនិយាយបីភាសា ខ្មែរ ចិន វៀតណាម បាននាំពួកខ្លួនទៅធ្វើការនៅក្នុងក្រុមហ៊ុនប៉ារីសបូព៌ា ហើយបានឱ្យរថយន្តមួយគ្រឿងដែលមានតៃកុងឡានជាជនជាតិខ្មែរមកដឹកពួកខ្លួនទៅក្រុមហ៊ុន តែមិនបានដឹកចូលក្រុមហ៊ុនទេ បែរជាបុរសនោះឱ្យតៃកុងឡានដឹកពួកខ្លួន រហូតដល់ចំណុចភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដោយពួកខ្លួនភ័យមិនដឹងថា គេដឹកយកទៅណា ក៏ធ្វើលេសចុះជុះនោម ហើយពួកខ្លួនក៏បានប្រតាយប្រតប់ជាមួយតៃកុងឡាន រួចរត់គេចខ្លួន តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។

ចំណែក ជនរងគ្រោះបានឲ្យដឹងថា ជនសង្ស័យជាជនជាតិវៀតណាមទាំងពីនាក់នេះ បានហៅគាត់ជាជនរងគ្រោះជួលរថយន្តជិះទៅក្រុងព្រះសីហនុ លុះមកដល់ចំណុចកើតហេតុខាងលើ បានហៅឲ្យឈប់រថយន្ត ហើយប្រាប់ថា ចុះនោម ខណៈឈប់រថយន្ត ភ្លាមជនសង្ស័យបានយកដំបងឆក់ ឆក់ខ្លួនតែម្តង ពេលនោះរូបគេក៏បានស្ទុះចេញពីក្នុងរថយន្ត ហើយប្រតាយប្រតប់តបត និងស្រែកហៅអ្នកភូមិឲ្យជួយ ខណៈនោះ ប្រជាពលរដ្ឋបានរត់មកជួយ និងឃាត់ខ្លួនជនជាតិវៀតណាមទាំងពីនាក់ រួចប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ និងចាប់ខ្លួនតែម្តង។

បច្ចុប្បន្ន ជនជាតិវៀតណាមទាំង០២នាក់ខាងលើ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបាវិត រីឯជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង៕
ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២