ពិតជាថ្លើមធំមែន ! អ្នកបើកគ្រឿងចក្រមួយក្រុម ហ៊ានលួចបូមប្រេងពីគ្រឿងចក្រធ្វើផ្លូវជាតិលេខ៥ ចុងក្រោយជាប់ខ្នោះទាំងអស់

ខេត្តកំពង់ឆ្នាំង ៖ ដោយមានការបញ្ជាផ្ទាល់របស់ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងប្រតិបត្តិការដោយកម្លាំងមន្ត្រីនគរបាលយុត្តិធម៌ខេត្តកំពង់ឆ្នាំង បានចុះបង្ក្រាប និងឃាត់ខ្លួន ជនសង្ស័យចំនួន ៩នាក់ ពាក់ព័ន្ធករណីលួចបូមប្រេងរថយន្ត គ្រឿងចក្រ និងទទួលផលចោរកម្ម ចេញពីក្រុមហ៊ុនជប៉ុន ដែលកំពុងសាងសង់ផ្លូវជាតិលេខ០៥ ពីស្រុកពញាឮ ខេត្តកណ្តាល ឆ្ពោះទៅ ខេត្តបន្ទាយមានជ័យ។

ករណីលួចបូមប្រេងលក់នេះមិនមែនជាលើកទី១ របស់ពួកគេនោះទេ គឺជនសង្ស័យទាំងនេះ តែងតែប្រព្រឹត្តជាច្រើនលើក ច្រើនសាររួចមកហើយ ហើយរាល់ការប្រព្រឹត្តម្តងៗគឺមានការចាត់តាំងបក្ខពួកដើម្បីរៀបចាំលួចបូមប្រេង។ ភាគច្រើនគេក៏អាចកត់សម្គាល់មើលប្រេងដែលឈ្មួញដាក់លក់តាមផ្លូវជាកានៗនោះ ភាគច្រើនគឺអ្នកស៊ីឈ្នួលបើករថយន្តធំៗ ឬអ្នកស៊ីឈ្នួលបើកគ្រឿងចក្រជាអ្នកលួចបូមយកទៅលក់ឱ្យឈ្មួញទុច្ចរិតដូចរូបភាពខាងលើនេះ។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់គឺ១-ឈ្មោះ កែត ភា,២-ឈ្មោះខៀវ សាវឿន, ៣-ឈ្មោះ ឃឿន វិសាល, ៤-ឈ្មោះ ទន់ សាតូ, ៥-ឈ្មោះ ប៉ាត់ ប៊ុនលី, ៦-ឈ្មោះ យក់ សីហា ត្រូវបានចោទប្រកាន់ពីបទ ផ្តើមគំនិតក្នុងអំពើលួច ៧-ឈ្មោះ ម៉ាត់ គ្រីយ៉ា ត្រូវបានចោទប្រកាន់ពីបទលួចលក់ប្រេង, ៨-ឈ្មោះ តឹប ណាត និង៩-ឈ្មោះ សុខ ពិសិដ្ឋ ត្រូវបានចោទពីបទទទួលផលចោរកម្ម ទទួលទិញប្រេង ប្រព្រឹត្តនៅចំណុច ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសំរោង ឃុំតាជេស ស្រុកកំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្នុងការបង្ក្រាបនេះ សមត្ថកិច្ចដកហូតបានប្រេង ម៉ាស៊ូត ចំនួន ០៨កាន និងរថយន្តលួចចូលទៅបូមប្រេងចំនួន ០១គ្រឿងម៉ាក Nissan (Frontier) ពណ៌ទឹកប្រាក់។ ពាក់ព័ន្ធករណីខាងលើនេះ តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់បានរាយការណ៍ផ្ទាល់ថា មានមនុស្ស១ក្រុមជាអ្នកស៊ី ឈ្នួល បើកគ្រឿងចក្រ និងរថយន្តឱ្យក្រុមហ៊ុនជប៉ុន បានឃុបឃិតគ្នាជាមួយសន្តិសុខយាមគ្រឿងចក្រ និងបានបើកដៃឱ្យជនសង្ស័យឈ្មោះ តឹប ណាត និងឈ្មោះ សុខ ពិសិដ្ឋ ចូលទៅទិញប្រេងដែលពួកខ្លួនបានបូមចេញពីគ្រឿងចក្រនៅនឹងការដ្ឋានទាំងយប់តែម្តង។

ជនសង្ស័យទាំង ៩នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនខ្លួនទៅតុលាការខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២