បុរសម្នាក់បើកម៉ូតូលឿនពេក ជ្រុលទៅបុករថយន្តពីក្រោយបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងហេតុ ខណ:បើកម៉ូតូបុករថយន្តពីក្រោយ ។ហេតុការណ៍នេះ បានកើតឡើង វេលាម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១០៩ និង១១០ ស្ថិតនៅត្រង់ចំណុច ភូមិដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ព្រំ សុខ អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅ ភូមិទួលត្របែក ឃុំ ប្រសូត ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយពីកើតហេតុ បានបើករថយន្តគេចខ្លួនបាត់ស្រមោល។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុមានបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ស្វាយរៀង 1R-4717 ក្នុងទិសដៅពីកើតទៅលិចលើផ្លូវជាតិលេខ១យ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន ខណៈមកដល់ចំណុចកើតហេតុបានជ្រុលបុករថយន្តពីក្រោយ យ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

បន្ទាប់ពីកើតហេតុ សពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវរករថយន្ត ដែលស្ថិតក្នុងហេតុការណ៍នេះដើម្បីដោះស្រាយតាមច្បាប់៕ ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២