បុរសម្នាក់បើករថយន្តខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវទៅមុខលែងរួច ម្ចាស់រត់គេចខ្លួនបាត់

ភ្នំពេញ៖បុរសម្នាក់បើករថយន្តលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវខូចខាតអស់២កង់ ទៅមុខលែងរួច សំណាងល្អនៅក្នុងហេតុគ្រោះថ្នាក់ចរាចរនេះមិនបណ្តាលឲ្យមានអ្នករងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2BE-9408 តាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់ចំនួន២កង់ ហើយភ្លាមនោះដែរ អ្នកបើករថយន្តបង្ក បានរត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២