មិនដឹងថា មានរឿងអ្វីនោះទេ បុរសជនជាតិចិនម្នាក់ ជាម្ចាស់ភោជនីយដ្ឋានមួយកន្លែង ធ្វើអត្តឃា.ត បា..ញ់សម្លា..ប់ខ្លួន

ភ្នំពេញ ៖ សពបុរសជនជាតិចិនម្នាក់ ដែលជាម្ចាស់ភោជនីយដ្ឋានមួយកន្លែង ត្រូវបានគេប្រទះឃើញដេកស្លាប់ ក្នុងថ្លុកឈាម ដោយបានយកកាំភ្លើងខ្លី ធ្វើអត្តឃាត បាញ់សម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ខុនដូជាន់ទី៦ នៃអគារខុនដូ ស្តាស៊ីធី ស្ថិតតាមមហាវិថីសហព័ន្ធរុស្សី ក្នុងភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា បុរសជនជាតិចិនរូបនេះ មានឈ្មោះ Liao Hua Xi Ang អាយុ២៨ឆ្នាំ មុខរបរអាជីវករ «ម្ចាស់ភោជនីយដ្ឋាន» ស្នាក់នៅកន្លែងកើតហេតុ។ សមត្ថកិច្ចបានរកឃើញវត្ថុតាងនៅកន្លែងកើតហេតុមានអាវុធខ្លីម៉ាក G lock ចំនួន១ដើម គ្រាប់ចំនួន៩គ្រាប់ និងសំបកគ្រាប់ចំនួន១គ្រាប់ និងសម្ភារប្រើប្រាស់គ្រឿងញៀន ដបទឹកសុទ្ធ និងបំពង់ទុយយោ។

យោងតាមការបំភ្លឺរបស់ឈ្មោះ Hu Guang wen ភេទប្រុស អាយុ៥៤ឆ្នាំ ស្នាក់នៅបន្ទប់លេខ៦២១ ជាប់បន្ទប់គ្នា បានរៀបរាប់ថា ៖ នៅវេលាម៉ោងប្រហែល៨ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ បុរសដែលធ្វើអត្តឃាតរូបនេះ បានស្រែកប្រាប់គាត់ឱ្យជួយខ្លួនផងថា មានគេចង់ធ្វើបាបគាត់។ ពេលគាត់ចេញមកមើលមិនឃើញមានអី គាត់ក៏ចូលក្នុងបន្ទប់វិញ។ បន្តិចក្រោយមកគាត់បានចុះទៅក្រោមរកទិញអីហូប។ រហូតដល់វេលាម៉ោង៩និង៣០នាទី គាត់បានត្រឡប់មកវិញ។ នៅម៉ោង១២ និង០០នាទីមានមនុស្សប្រុសស្រីជាជនជាតិចិន០២នាក់ មានឈ្មោះ Yi Xiao Yue អាយុ៣២ឆ្នាំ ភេទស្រី ជាអតីតសង្សារជនរងគ្រោះ និងឪពុក ឈ្មោះ Yi Chuan Liang បានមករកជនរងគ្រោះដល់បន្ទប់ ដោយសារមិនឃើញជនរងគ្រោះឆ្លើយតបតាមឆាត លុះពេលបើកបន្ទប់ស្រាប់តែឃើញជនរងគ្រោះដេកនៅគន្លៀតគ្រែ ដោយមានឈាម។ ឃើញដូចនោះឈ្មោះ Yi Xiao Yue ដែលត្រូវជាសង្សាជនរងគ្រោះ ក៏ប្រាប់អ្នកគ្រប់គ្រងខុនដូឱ្យមកជួយរហូតដល់ម៉ោង ៤រសៀល ទើបសមត្ថកិច្ចបានទទួលព័ត៌មាន។

សមត្ថកិច្ចជំនាញកោសល្យវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានសន្និដ្ឋានថា បុរសរូបនេះ ស្លាប់ដោយសារធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងពិតប្រាកដមែន ដោយសពត្រូវបានសមត្ថកិច្ចយកទៅតម្កល់នៅវត្តទឹកថ្លា៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២