មកនៅស្រុកខ្មែរ អត់នាំគ្នារកស៊ីស្របច្បាប់ បែរជានាំគ្នារកស៊ីខុសច្បាប់បង្កអសន្តិសុខដល់សង្គមជាតិគេទៅវិញ !

ខេត្តព្រះសីហនុ ៖ ជនជាតិវៀតណាម ប្រុស ស្រី ចំនួន០៦នាក់ ត្រូវបានសមត្ថកិច្ច ខេត្តព្រះសីហនុ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងស្នងការដ្ឋាន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សធ្វើទារុណកម្ម និងជំរិតទារប្រាក់ ពីជនជាតិវៀតណាមចំនួន០៣នាក់ពីភ្នំពេញ រួចរត់គេចខ្លួនទៅខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ជនសង្ស័យប្រុសស្រី ដែលជាជនជាតិវៀតណាមទាំង៦នាក់ ដែលត្រូវធ្វើការឃាត់ខ្លួននោះគឺទី១-ឈ្មោះ Lam Thi Da Ni ហៅ មៃ ចាន់ធូ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបច្ចុប្បន្ន ភ្នំពេញ។ ទី២-ឈ្មោះ NguYen Cong Danh ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅបច្ចុប្បន្ន មិនពិតប្រាកដ។ ទី៣-ឈ្មោះ Pham Van Thiy ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅបច្ចុប្បន្ន ម្ដុំផ្សារអូរឫស្សី ភ្នំពេញ។ ទី៤-ឈ្មោះ Ngo Tri Ha ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅបច្ចុប្បន្ន មិនពិតប្រាកដ។ ទី៥-ឈ្មោះ Teunh Van Quy ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅបច្ចុប្បន្ន ភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រសីហនុ និងទី៦ឈ្មោះ Le Van Chien ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅបច្ចុប្បន្ន ម្ដុំផ្សារអូរឫស្សី ភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបន្តទៀតថា កាលពីថ្ងៃទី៣០ ខែ មករា ឆ្នាំ២០២២ វេលាម៉ោង២២ និង៣០នាទី កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកបានរាយការណ៍មកថា ខណៈដែលកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ដាក់ប៉ារ៉ាសត្រួតពិនិត្យពង្រឹងច្បាប់ចរាចរណ៍ នៅចំណុច ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាក STAREX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BA-7054 បើកយ៉ាងលឿន និងបានបើកបុកប៉ារ៉ាស់ត្រួតពិនិត្យ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្ទាក់រថយន្តខាងលើដើម្បីត្រួតពិនិត្យ ជាលទ្ធផលក្នុងការឆែកឆេរ សមត្ថកិច្ចយើងបានរកឃើញ កាំភ្លើងហ្គាស ២ដើម, ខ្នោះដៃចំនួន ១១គូ, ដំបងឆក់ ២ដើម និង ពិលឆក់ ៣ដើម និងឃាត់ខ្លួនបានជនសង្ស័យចំនួន ០៦នាក់ (ស្រី១នាក់) ជនជាតិវៀតណាម ។

លោកស្នងការបន្ថែមទៀតថា បន្ទាប់ពីធ្វើការសួរនាំទើបដឹងថា កាលពីពាក់កណ្តាល ខែមករា ឆ្នាំ២០២២ ជនសង្ស័យទាំង០៦នាក់ (ស្រី១នាក់) បានធ្វើសកម្មភាពចាប់ឃុំឃាំង,ធ្វើទារុណកម្ម និងបង្ខាំងមនុស្ស នៅចំណុចខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីជំរិតទារប្រាក់ លើនារីជនជាតិវៀតណាម ៣នាក់ បានប្រាក់ជាង ៣៥.០០០ ដុល្លារ (បីម៉ឺនប្រាំពាន់ដុល្លារអាមេរិក) រួចរត់គេចមកខេត្តព្រះសីហនុ ហើយក៏ត្រូវបានសមត្ថកិច្ចឃាត់ចាប់ខ្លួនតែម្តង។

សម្ភារចាប់ដកហូតបានរួមមាន៖ រថយន្ត ១គ្រឿង ម៉ាក STAREX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BA-7054, កាំភ្លើងហ្គាស ២ដើម, ខ្នោះដៃចំនួន១១គូ, ដំបងឆក់២ដើម, ពិលឆក់ ៣ដើម។

ចំពោះករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តស្រាវជ្រាវតាមនីតិវិធី និងជំនាញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២