Wow ! គ្រាន់តែនៅក្នុងឆ្នាំ២០២១ អាជ្ញាធរកម្ពុជាបង្ក្រាបគ្រឿងញៀនបានរហូតដល់ទៅ ៨០តោន

ភ្នំពេញ ៖ បញ្ហាគ្រឿងញៀននៅតែបន្តការគំរាមកំហែង និងជាក្តីកង្វល់មួយសម្រាប់សង្គមកម្ពុជាទាំងមូល។កន្លងមក ក៏ដូចជាពេលបច្ចុប្បន្ននេះ បើទោះបីជាអាជ្ញាធរមានសមត្ថកិច្ចរិតបន្តឹងក្នុងការអនុវត្តច្បាប់ និងធ្វើការបង្ក្រាបបានករណីជួញដូរគ្រឿងញៀនទាំងតូច ទាំងធំ ដើម្បីយកទៅផ្តន្ទាទោសតាមច្បាប់យ៉ាងណាក្តី។ ប៉ុន្តែករណីនៃការជួញដូរគ្រឿងញៀនហាក់មិនមានការថមថយឡើយ។

គ្រាន់តែនៅក្នុងឆ្នាំ ២០២១ សមត្ថកិច្ចកម្ពុជាបានធ្វើការបង្ក្រាបគ្រឿងញៀនបានរហូតដល់ទៅ ៨០តោន នេះត្រូវបានគេចាត់ទុកថា ជាចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ ដែលពុំធ្លាប់មានពីមុនមក ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា នៅឆ្នាំ២០២១ កន្លងទៅ កម្ពុជានៅតែបន្តទទួលរងឥទ្ធិពលអាក្រក់ពីស្ថានភាពប្រែប្រួល ជាអវិជ្ជមានប្រកបដោយហានិភ័យខ្ពស់ បណ្ដាមកពីគ្រឿងញៀន។ ហើយនៅក្នុងឆ្នាំ២០២១នោះ សមត្ថកិច្ចបានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនធំៗកើនឡើង ដោយមានគ្រឿងញៀនប្រមាណជា ៨០តោន រួមទាំងម៉ាស៊ីនផលិតកែច្នៃស្វ័យប្រវត្តិឈុតធំៗដ៏គ្រោះថ្នាក់ ជាច្រើន ថែមទៀត។

បើទោះបីជាប្រទេសកម្ពុជា មានច្បាប់សម្រាប់ដាក់ទោសទណ្ឌដល់អ្នកប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀនយ៉ាងធ្ងន់ធ្ងរ យ៉ាងណាក៏ដោយ ក៏ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនទាំងនោះ ហាក់មិនមានការកោតខ្លាច ញញើតជាមួយប្រព័ន្ធច្បាប់របស់កម្ពុជាឡើយ ។ កាលពីជាង១០ឆ្នាំមុន ប្រទេសកម្ពុជាគ្រាន់តែជាកំពង់ផែមួយសម្រាប់ឆ្លងកាត់ និងសំចតនៃបទល្មើសជួញដូរគ្រឿងញៀនប៉ុណ្ណោះ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរកម្ពុជាបង្ក្រាបបានទាន់ពេលវេលានូវកន្លែងកែច្នៃ និងផលិតគ្រឿងញៀនធំៗជាច្រើនករណី ដែលជាក្តីបារម្ភដ៏ធំមួយ សម្រាប់សង្គមកម្ពុជាទាំងមូល៕
ដោយ៖ប្រូ

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២