ជនសង្ស័យ៣នាក់ ជិះម៉ូតូចូលសប់កង់ឃើញឱកាសល្អលួចម៉ូតូគេបណ្តើរចេញ តែត្រូវម្ចាស់ឃើញទាន់ដេញតាមចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវបានទទួលជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ករណីលួច ម៉ូតូកាលពីម៉ោង៧ និង ៣០នាទីយប់ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២២ នៅចំណុចកន្លែងជួសជុល ម៉ូតូ ផ្ទះជួល ផ្លូវបេតុង ក្រុមទី ១០ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ មាស ពៅ អាយុ ២៧ឆ្នាំ មុខរបរ គ្មាន មានទីលំនៅផ្ទះជួល សង្កាត់បឹងកក់ ខណ្ឌដូនពេញ (មានសារធាតុញៀន ត្រូវបានឃាត់ខ្លួន) ។ ចំណែកជនរងគ្រោះ ឈ្មោះ សូ សំនៀង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅកន្លែងកើតហេតុ ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងទៀតថា នៅថ្ងៃកើតហេតុមានជនសង្ស័យ ចំនួន ០៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក SUZUKI Let ពណ៌ខៀវ ចូលមកសប់កង់កន្លែងជួសជុលម៉ូតូរបស់ជនរងគ្រោះ ពេលនោះជនសង្ស័យឈ្មោះ មាស ពៅ បានចុះពីលើម៉ូតូដើរទៅធ្វើសកម្មភាពកាច់សោរកម៉ូតូរបស់ជនរងគ្រោះបានសម្រេច ហើយក៏បណ្តើរចេញមក តែត្រូវជនរងគ្រោះឃើញទាន់ក៏ស្រែកឆោឡោ ដេញតាមចាប់បានជនសង្ស័យឈ្មោះ មាស ពៅ រួមនឹងវត្ថុតាង ប្រគល់ជូន សមត្ថកិច្ច ប៉ុស្តិ៍ឫស្សីកែវ និងដាក់ពាក្យបណ្តឹង ។ ចំណែកឯបក្ខពួក ០២នាក់ទៀត ជិះម៉ូតូគេចខ្លួនបាត់។

សម្ភារ ដកហូត ម៉ូតូ មួយ គ្រឿង ម៉ាក SUZUKI NEX ពណ៍ស ពាក់ស្លាកលេខ ស្វាយរៀង 1L-8016 (ប្រគល់ជូនជនរងគ្រោះ) សោរលេខប្រាំបីចំនួន ០១ ដែកសំប៉ែត កែច្នៃ សម្រាប់កាច់សោរកម៉ូតូ ចំនួន ០១។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីសាកសួរ និងស្រាវជ្រាវ រកបក្ខពួកដែលនៅសេសសល់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២