ម៉ូតូបុ.កជាមួយម៉ូតូកង់បីដឹកឥវ៉ាន់របស់ក្រុមហ៊ុនវីរៈប៊ុនថាំ បណ្តាលឲ្យបុរសម្នាក់ស្លា..ប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ភ្នំពេញ ៖ ម៉ូតូកង់បីដឹកឥវ៉ាន់របស់ក្រុមហ៊ុនវីរៈប៊ុនថាំបុកជាមួយម៉ូតូនៅផ្លូវបំបែកជាបីបណ្តាលឲ្យបុរសម្នាក់ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង១១យប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចក្នុងបុរីសែនមនោរម្យ ផ្លូវបេតុង ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ជួង ចិកម៉ែង អាយុ៣៣ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិប្រិយ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

បើប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាគុបពណ៌ស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1IC-5188 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុដែលជាផ្លូវបំបែកជាបី ក៏ជ្រុលបុកជាមួយនឹងម៉ូតូកង់បីដឹកឥវ៉ាន់ របស់ ក្រុមហ៊ុនវីរៈប៊ុនថាំ ពណ៌ស្លាទុំ ពាក់ស្លាកលេខ ភ្នំពេញ 1IL-0940 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងទិសដៅពីជើងទៅត្បូង ចំពីចំហៀងកង់មុខម៉ូតូកង់បីខាងស្ដាំពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលរងរបួសធ្ងន់។ ភ្លាមនោះរថយន្តសង្គ្រោះបន្ទាន់បានដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យតែអកុសលជនរងគ្រោះរងបានស្លាប់នៅឯមន្ទីរពេទ្យ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះមកកន្លែងកើតហេតុវិញ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូ និងម៉ូតូកង់បីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ។ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕

ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២