សហរដ្ឋអាមេរិកគ្រោងនឹងបញ្ជូននាវាពិឃាតបំពាក់ដោយបច្ចេកវិទ្យាទំនើបទៅចាំជួយការពារអារ៉ាប់រួម

ស្ថានឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅសហព័ន្ធអារ៉ាប់រួម (UAE) បានថ្លែងកាលពីថ្ងៃទី២ ខែកុម្ភៈ ម្សិលមិញនេះថា អាមេរិកមានគោលបំណងដើម្បីជួយ UAE ពីការគំរាមកំហែងនាពេលបច្ចុប្បន្ន។ការលើកឡើងបែបនេះ បន្ទាប់ពីមានកិច្ចសន្ទនារតាមរយៈទូរស័ព្ទរវាងលោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក ជាមួយព្រះអង្គម្ចាស់ Mohammad bin Syed al-Nahyan នៃទីក្រុង អាប៊ូដាប៊ី (Abu Dhabi)។

អេមីរ៉ាតអារ៉ាប់រួម គឺជាផ្នែកមួយនៃកងកម្លាំងសម្ព័ន្ធមិត្តដឹកនាំដោយ អារ៉ាប៊ីសាអូឌីត ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ ត្រូវបានវាយប្រហារដោយកាំជ្រួចកាលពីថ្ងៃទី៣១ ខែមករា វាជាលើកទីបីហើយ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗកន្លងមកនេះ។នៅក្នុងសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកបានឱ្យដឹងថា នាវាពិឃាត USS Cole បំពាក់ដោយបច្ចេកវិទ្យាទំនើប និងមីស៊ីល នឹងធ្វើប្រតិបត្តិការរួមជាមួយកងទ័ព UAE នឹងចូលចតនៅកំពង់ផែ អាប៊ូដាប៊ី ក្រៅពីនេះ អាមេរិកនឹងត្រៀមបញ្ជូនយន្តហោះប្រដេញជំនាន់ទី៥ ទៅប្រចាំការ ដើម្បីត្រៀមប្រតិបត្តិការ និងការចូលរួមផ្តល់ការស៊ើបការណ៍ពីការព្រមានផ្សេងៗផងដែរ។

ការវាយប្រហារនៃក្រុមឧទ្ទាម Houthi ជម្រុញឲ្យសង្រ្គាមរយៈពេល ៧ឆ្នាំក្នុងយេម៉ែនផ្លាស់ប្តូរទម្រង់ថ្មី សង្គ្រាមបានសម្លាប់មនុស្សដោយផ្ទាល់ និងដោយប្រយោលរាប់សែននាក់ និងធ្វើឱ្យប្រជាជនរាប់លាននាក់គ្មានទីជម្រក។
ការវាយប្រហារដោយត្រូន និងមីស៊ីល ការពីថ្ងៃទី១៧ ខែមករា កន្លងមកនេះ មានគោលដៅលើទីតាំងចម្រាញ់ប្រេង និងព្រលានយន្តហោះរបស់អាប៊ូដាប៊ី បណ្តាឲ្យជនបរទេសស្លាប់ចំនួន ៣នាក់ និងក្រុមសម្ព័ន្ធមិត្តបានធ្វើការវាយប្រហារដែនអាកាសតបតវិញ។ ហើយនៅថ្ងៃទី២៤ ខែមករា កងកម្លាំងអាមេរិកប្រចាំការក្នុងមូលដ្ឋានទ័ពអាកាស អាល់ដាហ្វ្រា របស់ UAE បានបាញ់ មីស៊ីល Patriot ស្ទាក់ចាប់បាន មីស៊ីលផ្លោង ២គ្រាប់ បានចាញ់ចូល អាប៊ូដាប៊ី។ កាលពីថ្ងៃទី៣១ ខែមករា មានការវាយប្រហារដោយមីស៊ីលលើកទី៣ នៅកំឡុងពេលលោក Isaac Herzog ប្រធានាធិបតីនៃប្រទេសអ៊ីស្រាអែល បំពេញទស្សនៈកិច្ច UAE ។

 

ក្នុងសេចក្តីថ្លែងការរបស់ស្ថានទូតអាមេរិកបានបញ្ជាក់ទៀតថា សហរដ្ឋអាមេរិក ជាអ្នកគាំទ្រក្រុមសម្ព័ន្ធមិត្តដឹកនាំដោយ រិយ៉ាត ត្រូវការឲ្យបញ្ជូននាវាពិឃាត និងយន្តហោះប្រដេញមកប្រចាំការ ដែលជាសញ្ញាបានបង្ហាញយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកនៅជាមួយ UAE ជាដៃគូយុទ្ធសាស្ត្រយូរអង្វែង។

ក្នុងពេលជាមួយគ្នានេះដែរ ការវាយប្រហារនៃក្រុមឧទ្ទាម Houthi នាំឲ្យឈូងសមុទ្រពែរ្សមានភាពតានតឹងកាន់តែខ្លាំងឡើង ខណៈដែលកិច្ចពិភាក្សាអន្តរជាតិស្តីពីកិច្ចព្រមព្រៀងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវបានជាប់គាំង និងជម្រុញឱ្យតម្លៃប្រេងឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល 7 ឆ្នាំមកនេះ។

ក្រុម Houthi បានចាប់ផ្តើមវាយប្រហារផលប្រយោជន៍របស់ UAE បន្ទាប់ពីបរាជ័យជាបន្តបន្ទាប់ទៅលើក្រុម Giant កងពលតូចបណ្តុះបណ្តាលដោយ UAE នៅក្នុងការប្រយុទ្ធគ្នានៅប្រទេសយេម៉ែន។កាលពីដើមខែមករា ក្រុមឧទ្ទាម Houthi បានរឹមអូសនាវាមានទង់ជាតិ UAE ក្នុងសមុទ្រក្រហម ដោយអះអាងថា នាវាមានដឹកជញ្ជូនអាវុធ ប៉ុន្តែត្រូវបាន UAE បដិសេធ ។

សង្គ្រាមស៊ីវិលនៅ យេម៉ែន ចាប់ផ្តើមនៅក្នុងឆ្នាំ២០១៤ នៅពេលក្រុម Houthi វាយប្រហារទីក្រុង សាណា ធ្វើឲ្យកងកម្លាំងដឹកនំាដោយ អារ៉ាប៊ីសាអូឌីត ចូលជ្រៀតជ្រែកដើម្បីគាំទ្ររដ្ឋាភិបាលយេម៉ែន ក្នុងឆ្នាំបន្ទាប់មកទៀត។

អេមីរ៉ាតអារ៉ាប់រួម គឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលទិញអាវុធច្រើនជាងគេនៅលើពិភពលោក និងបានប្រកាសដកកងកម្លាំងចេញពីយេម៉ែន នៅឆ្នាំ ២០១៩ ប៉ុន្តែវានៅតែមានឥទ្ធិពលក្នុងតំបន់ដដែល៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២