(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ហ៊ុន ម៉ានី បានផ្ញើសារអបអរសាទរទៅកាន់ក្រុមជម្រើសជាតិ U23 កម្ពុជា ដែលបានប្រកួតឈ្នះក្រុមជម្រើសជាតិ U23 ព្រុយណេ ក្នុងលទ្ធផល ៦ -០ កាលពីរាត្រីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។


ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះសារនៅលើ Page Facebook យ៉ាងដូច្នេះថា៖« ខ្ញុំជឿជាក់ថា យើងពិតជាធ្វើបាន! យើងធ្វើបាន!អបអរសាទរដល់ក្រុម U23 កម្ពុជា ដែលបាននាំជ័យជំនះយ៉ាងត្រចះត្រចង់ ជូនជាតិ និងមាតុភូមិ។ ជយោ! ព្រះរាជាណាចក្រកម្ពុជា! »ស្របជាមួយនឹងសារអបអរសាទរ នេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានផ្ញើសារក្រើនរំលឹក និងជំរុញទឹកចិត្តដល់ក្រុមជម្រើសជាតិ U23 កម្ពុជា ឲ្យបន្តប្រឹងប្រែងបន្ថែមទៀត។ប៉ុន្តែណា កុំដកដៃ! ចូរប្រឹងប្រែងបន្ថែម ដើម្បីឈានឆ្ពោះទៅភាពជោគជ័យបន្ថែមទៀតសម្រាប់កម្ពុជាយើង។»ឯកឧត្តម ហ៊ុន ម៉ានី បន្ថែម។

សូមជម្រាបថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា U-23 បានយកឈ្នះ ក្រុមបាល់ទាត់ជម្រើសជាតិព្រុយណេ U-23 ដោយលទ្ធផល ៦-០ ក្នុងជំនួបបើកពូល A នៃពានរង្វាន់ជើងឯកយុវជនអាស៊ាន AFF U-23 Championship 2022 លើពហុកីឡដ្ឋានជាតិមរតកតេជោ នាល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២៕


