មន្ទីរបញ្ចកោណចោទថា អាកាសយានិកយន្តហោះចម្បាំងរុស្ស៊ី បានធ្វើការហោះស្ទាក់ដោយគ្មានវិជ្ជាជីវៈ

បរទេស៖ មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃពុធម្សិលម៉ិញនេះដោយចោទប្រកាន់អាកាសយានិករុស្ស៊ីថា បានធ្វើ “ការស្ទាក់ចាប់ដោយគ្មានវិជ្ជាជីវៈ” បន្ទាប់ពីយន្តហោះល្បាតដែនសមុទ្រ P-8A Poseidon របស់កងទ័ពជើងទឹកអាមេរិកបានជួបនៅចម្ងាយយ៉ាងជិតជាមួយយន្តហោះចម្បាំងរុស្ស៊ី នៅលើសមុទ្រមេឌីទែរ៉ាណេ កាលពីចុងសប្តាហ៍មុន ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា កាពីទែន Mike Kafka នាយកប្រតិបត្តិការផ្នែកព័ត៌មានការពារជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងអាចបញ្ជាក់បានថា កាលពីចុងសប្តាហ៍មុន យន្តហោះចម្បាំង P-8A របស់កងទ័ពជើងទឹកអាមេរិកចំនួន៣គ្រឿង បានជួបប្រទះ នឹងការហោះស្ទាក់ចាប់ ដោយយន្តហោះរុស្ស៊ី ដោយគ្មានវិជ្ជាជីវៈ”។

លោក Kafka បាននិយាយថា ការជួបគ្នាក្នុងចម្ងាយយ៉ាងជិតនេះបានកើតឡើង ខណៈពេលដែលយន្តហោះចារកម្មរបស់សហរដ្ឋអាមេរិក “កំពុងហោះហើរក្នុងដែនអាកាសអន្តរជាតិ” លើសមុទ្រមេឌីទែរ៉ាណេ។

លោកបានបន្ថែមថា៖ «យើងបានប្រាប់ពីកង្វល់របស់យើងដល់មន្ត្រីរុស្ស៊ីតាមរយៈបណ្តាញការទូត»។ ខណៈពេលដែលគ្មាននរណាម្នាក់រងរបួស អន្តរកម្មបែបនេះអាចបណ្តាលឱ្យមានការគណនាខុស និងកំហុសដែលនាំទៅរកលទ្ធផលដ៏គ្រោះថ្នាក់ជាង”៕
ដោយ៖សោមា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២