រដ្ឋាភិបាលទើបសម្រេចចេញវិញ្ញាបនបត្រ និងចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន៦ ជាមួយទឹកប្រាក់វិនិយោគសរុបចំនួន ៦៦,៩លានដុល្លារ

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន៦   គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ទើបតែសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីលើគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនទាំងនោះ ដើម្បីឱ្យទទួលបានសិទ្ធវិនិយោគ លើគម្រោងវិនិយោគរបស់ខ្លួន ។ ដោយក្រុមហ៊ុនទាំងនោះបានបោះទុនវិនិយោគរាប់លានដុល្លារ ជាមួយការបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋកម្ពុជាធ្វើបានរាប់ពាន់កន្លែង។ ដូច្នេះនៅពេលខាងមុខនេះ ប្រជាពលរដ្ឋកម្ពុជាមិនខ្វះការងារធ្វើនោះទេ ព្រោះមានក្រុមហ៊ុនជាបន្តបន្ទាប់បានចូលមកបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន ដែលទើបទទួលបានវិញ្ញាបនបត្រ និងចុះបញ្ជីពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)លើគម្រោងវិនិយោគរបស់ខ្លួនទាំង៦នោះ រួមមាន៖

១-ក្រុមហ៊ុន MEKO INTELLIGENT (CAMBODIA) CO., LTD: មានគម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់អេឡិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវះពោះឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៨២៨កន្លែង។

២- ក្រុមហ៊ុន KHALANDALE CO., LTD: មានគម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ Mx04 (CBD6) បឹងកក់ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៦៨កន្លែង។

៣-ក្រុមហ៊ុន K (CAMBODIA) CO., LTD: មានគម្រោងបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៦កន្លែង។

៤- ក្រុមហ៊ុនB.E.C.I.S (CAMBODIA) CO., LTD:មានគម្រោងបង្កើតរោងចក្រផលិតចំហាយទឹក និងខ្យល់ក្តៅផ្គត់ផ្គង់ឱ្យរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៦,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨២កន្លែង។

៥- ក្រុមហ៊ុន CAMBODIAN PAW SHIELD CO., LTD:មានគម្រោងបង្កើតរោងចក្រផលិតម្ភារៈប្រើប្រាស់សត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ #I-4A-12 ភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៩៥កន្លែង។

៦-ក្រុមហ៊ុន X.Y.H. (CAMBODIA) GARMENT CO., LTD: មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៧៨៩កន្លែង៕

ដោយ៖ប្រូ

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២