បន្ទាប់ពីជួបលោក Xi លោក Biden និយាយថា មិនចាំបាច់មានសង្រ្គាមត្រជាក់ថ្មីទេ

ប្រធានាធិបតីអាមេរិក Joe Biden និងប្រធានាធិបតីចិន Xi Jinping បានសន្យាថា នឹងសហការគ្នាលើបញ្ហាប្រឈមជាសាកល ហើយបានព្រមព្រៀងគ្នាលើតម្រូវការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងដ៏តានតឹង បន្ទាប់ពីកិច្ចប្រជុំផ្ទាល់លើកដំបូងរបស់ពួកគេក្នុងនាមជាមេដឹកនាំជាតិនៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

កិច្ចប្រជុំកាលពីថ្ងៃច័ន្ទ ដែលមានរយៈពេលបីម៉ោង ពាក់ព័ន្ធនឹងការពិភាក្សា “ដោយស្មោះត្រង់” លើបញ្ហាជាច្រើន រួមទាំងតៃវ៉ាន់ ពាណិជ្ជកម្ម និងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីការិយាល័យរបស់ប្រធានាធិបតីនៃប្រទេសទាំងពីរ។

បន្ទាប់ពីកិច្ចពិភាក្សា លោក Biden បានប្រាប់អ្នកយកព័ត៌មានថា លោកជឿជាក់ថា “មិនចាំបាច់មានសង្រ្គាមត្រជាក់ថ្មីទេ” ខណៈពេលដែលការិយាល័យរបស់ពួកគេបាននិយាយថា មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ដើម្បីដោះស្រាយបញ្ហាសកល។

លោក Biden បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក និងចិន ត្រូវតែធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមឆ្លងដែន ដូចជាការប្រែប្រួលអាកាសធាតុ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចពិភពលោក រួមទាំងការបន្ធូរបន្ថយបំណុល សន្តិសុខសុខភាព និងសន្តិសុខស្បៀងពិភពលោក ព្រោះនោះជាអ្វីដែលសហគមន៍អន្តរជាតិរំពឹងទុក។

ហើយទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ចិន Xinhua ក៏បានដកស្រង់សម្តីលោក Xi ផងដែរដោយនិយាយថា “ភាគីទាំងពីរគួរតែធ្វើការជាមួយប្រទេសទាំងអស់ដើម្បីនាំមកនូវក្តីសង្ឃឹមកាន់តែច្រើនដល់សន្តិភាពពិភពលោក ទំនុកចិត្តកាន់តែខ្លាំងចំពោះស្ថិរភាពពិភពលោក និងកម្លាំងរុញច្រានដ៏រឹងមាំដល់ការអភិវឌ្ឍន៍រួម” ។

កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីមានភាពតានតឹងរវាងប្រទេសទាំងពីរកើនឡើង បន្ទាប់ពីសមាជិកសភាកំពូលរបស់សហរដ្ឋអាមេរិកលោកស្រី Nancy Pelosi បានទៅទស្សនាកោះតៃវ៉ាន់កាលពីដើមឆ្នាំនេះ ហើយលោក Biden បានសន្យាថានឹងការពារកោះដែលគ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំងបានអះអាងថា ជារបស់ខ្លួន។

រឿងបញ្ហាកោះតៃវ៉ាន់ លោក Biden បានដាក់ចេញយ៉ាងលម្អិតថា គោលនយោបាយចិនតែមួយរបស់យើងមិនបានផ្លាស់ប្តូរទេ សហរដ្ឋអាមេរិកប្រឆាំងនឹងការផ្លាស់ប្តូរឯកតោភាគីចំពោះស្ថានភាពបច្ចុប្បន្នដោយភាគីណាមួយ ហើយពិភពលោកមានចំណាប់អារម្មណ៍ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុង ច្រកសមុទ្រតៃវ៉ាន់”។ នេះបើតាមសេតវិមាន៕

ប្រភព៖ Al Jazeera

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២