​សិក្ខាកាម​ប៉ូលីសក្នុង​ទីក្រុង Los Angeles រាប់សិបនាក់កំពុងរត់នៅតាមដងផ្លូវនាពេលព្រឹក ត្រូវរថយន្តបុកបណ្តាលឱ្យរងរបួសធ្ងន់ស្រាល ២៥នាក់

សិក្ខាកាមប៉ូលីសក្នុងទីក្រុង Los Angeles រាប់សិបនាក់បានចេញទៅរត់នៅពេលព្រឹក កាលពីថ្ងៃពុធ នៅខណៈពេលកំពុងរត់ស្រាបតែមានរថយន្តមួយគ្រឿង ដែលត្រូវបានគេរាយការណ៍ថា កំពុងបើកបរខុសផ្លូវយ៉ាងលឿន ហើយបានបុកទៅលើសិក្ខាកាមទាំងនោះ​បណ្តាលឱ្យមានអ្នករងរបួសចំនួន​ ២៥នាក់ ក្នុងចំណោមនោះ មានអ្នករងរបួសធ្ងន់ចំនួន៥នាក់។

វីដេអូពីកន្លែងកើតហេតុបានបង្ហាញពីរថយន្តសង្គ្រោះបន្ទាន់រាប់សិបគ្រឿងដែលកំពុងចូលរួម ដោយមានក្រុមគ្រូពេទ្យបានយកអ្នករបួស ហើយរថយន្ត SUV ពណ៌ខ្មៅនៅលើចិញ្ចើមផ្លូវ ផ្នែកខាងមុខរបស់វាបានរងការខូចខាតយ៉ាងដំណំ។ កាសែត Los Angeles Times បានរាយការណ៍ថា ប្រធានក្រុមពន្លត់អគ្គីភ័យ Sheila Kelliher បាននិយាយថា រថយន្តបានធ្វើដំណើរខុសផ្លូវនៅពេលកើតហេតុ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អ្នក​បើក​បរ​មិន​ត្រូវ​បាន​គេ​បញ្ចេញ​ឈ្មោះ​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​កន្លែង​កើត​ហេតុ។ករណីនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ដោយមានក្រុមល្បាតផ្លូវហាយវេកាលីហ្វ័រញ៉ា (CHP) ដឹកនាំ។ ហើយថា ការធ្វើតេស្តខ្យល់ដង្ហើមដំបូងបានរកឃើញថា អ្នកបើកបរមិនស្រវឹងនោះទេ។

គាត់បានប្រាប់អ្នកយកព័ត៌មានថា វាជាគ្រោះថ្នាក់ដ៏គួរឱ្យរន្ធត់មួយ ប៉ុន្តែយើងមិនអាចដឹងច្បាស់នោះទេ រហូតដល់ CHP ធ្វើការស៊ើបអង្កេតរបស់ពួកគេ និងឈានដល់ការសន្និដ្ឋានដោយផ្អែកលើភស្តុតាងទាំងអស់ដែលពួកគេប្រមូលបាន ។

កាសែត LA Times បានដកស្រង់ប្រភពសមត្ថកិច្ចដែលមិនបញ្ចេញឈ្មោះដោយនិយាយថា អ្នកបើកបរបានប្រាប់មន្ត្រីថា គាត់ងងុយដេក ហើយការធ្វើតេស្តកំពុងដំណើរការដើម្បីកំណត់ថាតើបុរសអាយុ 22 ឆ្នាំរូបនេះស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងញៀនឬអត់?។

សិក្ខាកាមទាំងនោះគឺជាសមាជិកនៃសាលាបណ្តុះបណ្តាល ដោយបានចូលរួមក្នុងកម្មវិធីរយៈពេល 22 សប្តាហ៍ ដែលផ្តោតលើការណែនាំអំពីការប្រើប្រាស់អាវុធ ការការពារខ្លួន ការបើកបរ អនុវត្តច្បាប់ កាយសម្បទា និងការកាត់បន្ថយកម្លាំង ព្រមទាំងនីតិវិធីច្បាប់ និងប៉ូលីសផងដែរ។ហើយនាយកដ្ឋានតម្រួតរបស់ទីក្រុង Los Angeles ទទួលខុសត្រូវលើប៉ូលីសខោនធី Los Angeles ដែលជាតំបន់ធំទូលាយ ជាស្រុកដែលមានប្រជាជនច្រើនជាងគេរបស់សហរដ្ឋអាមេរិក៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២