យន្តហោះ​បុ.ក​រថយន្ត​នៅ​លើ​ផ្លូវ​រត់ ក្នុងទីក្រុង​លីម៉ា បណ្តាលឱ្យមនុស្ស២នាក់ស្លា.ប់

យន្តហោះ LATAM Airlines ហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Lima បានបុកជាមួយរថយន្តពន្លត់អគ្គីភ័យនៅលើផ្លូវរត់ ហើយបានឆាបឆេះ ហេតុការនេះបានកើតឡើងកាលពីថ្ងៃសុក្រចុងសប្តាហ៍កន្លងទៅនេះ។ អាជ្ញាធរបាននិយាយថា អ្នកដំណើរ និងនាវិករបស់យន្តហោះទាំងអស់មានសុវត្ថិភាព ប៉ុន្តែអ្នកពន្លត់អគ្គីភ័យពីរនាក់នៅក្នុងឡាននោះបានស្លាប់។

Lima Airport Partners ជាក្រុមហ៊ុនដែលប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិ Jorge Chavez បាននិយាយថា ប្រតិបត្តិការនៅឯកន្លែងនេះត្រូវបានផ្អាក។ នៅលើយន្តហោះ Airbus A320neoនោះ មានអ្នកដំណើរចំនួន 102 នាក់ និងសមាជិកនាវិកចំនួន 6 នាក់ ។

លោក Luis Ponce La Jara អគ្គមេបញ្ជាការនៃនាយកដ្ឋានពន្លត់អគ្គីភ័យ បាននិយាយថា អ្នកពន្លត់អគ្គីភ័យពីរនាក់បានស្លាប់ និងម្នាក់បានរងរបួស នៅពេលដែលរថយន្តដឹកទំនិញដែលពួកគេជិះត្រូវបានបុកដោយយន្តហោះ។ ទាំង​យន្តហោះ​ និង​រថយន្ត​ពន្លត់អគ្គីភ័យ​បាន​ធ្វើ​ចលនា​នៅពេល​ដែល​ពួកគេ​បាន​បុក​គ្នា​។

ប្រធានាធិបតី Pedro Castillo បាន​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​នៃ​អ្នក​ពន្លត់​អគ្គិភ័យ​ដែលបានស្លាប់នោះ។

ជើងហោះហើរ LA2213 កំពុងហោះចេញពីអាកាសយានដ្ឋានសំខាន់របស់លីម៉ា ឆ្ពោះទៅកាន់ទីក្រុង Juliaca ប្រទេសប៉េរូ។

ក្រុមហ៊ុនអាកាសចរណ៍ LATAM បាននិយាយថា ខ្លួនសោកស្ដាយចំពោះការស្លាប់របស់អ្នកពន្លត់អគ្គីភ័យ ហើយនឹងផ្តល់នូវភាពបត់បែនក្នុងការរៀបចំជើងហោះហើរឡើងវិញដល់អ្នកដំណើរដែលរងផលប៉ះពាល់ដោយមិនគិតថ្លៃបន្ថែម។ ប៉ុន្តែ​គេ​បាន​និយាយ​ថា គេ​មិន​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​រថយន្ត​ពន្លត់​អគ្គិភ័យ​នៅ​លើ​ផ្លូវ​រត់។

Manuel van Oordt អ្នកគ្រប់គ្រងទូទៅនៃ LATAM Airlines ប្រទេសប៉េរូបាននិយាយថា “មិនមានការរាយការណ៍ពីភាពអាសន្នណាមួយនៅលើជើងហោះហើរនោះទេ វាគឺជាជើងហោះហើរដែលស្ថិតក្នុងលក្ខខណ្ឌល្អបំផុតក្នុងការហោះហើរ វាមានសិទ្ធិអនុញ្ញាតឱ្យហោះចេញ ហើយវាបានជួបប្រទះនឹងរថយន្ត​ពន្លត់អគ្គីភ័យនៅលើផ្លូវរត់ ហើយយើងមិនដឹងថារថយន្តនោះកំពុងធ្វើអ្វីនៅទីនោះទេ”។យើង​ត្រូវ​តែ​ស៊ើប​អង្កេត និង​រក​មូលហេតុ​ដែល​វា​នៅ​ទីនោះ»។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣ និង២៥នាទីរសៀល។ ហើយ​អង្គភាព​សង្គ្រោះ​ចំនួន​បួន​ត្រូវ​បាន​ចល័ត។

អាជ្ញាធរអាកាសចរណ៍បាននិយាយថា ប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិ Jorge Chavez ត្រូវបានផ្អាករហូតដល់ម៉ោង 1 រសៀលថ្ងៃសៅរ៍( ម៉ោងក្នុងស្រុក)៕

ប្រភព៖CBS

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២