អាឡឺម៉ង់នឹងត្រូវចំណាយប្រាក់ចំនួន 20 ពាន់លានអឺរ៉ូ ដើម្បីបំពេញស្តុកអាវុធរបស់ខ្លួន

លោកស្រី Eva Hoegl ស្នងការ​របស់ Bundestag សម្រាប់​កងកម្លាំង​ប្រដាប់អាវុធ​បាន​ព្រមាន​កាលពី​ថ្ងៃអាទិត្យ​ថា យោធា​អាល្លឺម៉ង់​កំពុង​ប្រឈមមុខ​នឹង​ការខ្វះខាត​គ្រាប់​រំសេវ​យ៉ាងធ្ងន់ធ្ងរ។ លោកស្រី​ក៏បាន​គូសបញ្ជាក់​ផងដែរ​ពី​កង្វះខាត​សម្ភារ​ផ្ទាល់ខ្លួន​ជា​មូលដ្ឋាន​ចាំបាច់​របស់​កងទ័ព។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Bild am Sonntag លោកស្រី Hoegl បានបង្ហើបថា វានឹងចំណាយប្រាក់ 20 ពាន់លានអឺរ៉ូដើម្បីបំពេញស្តុកអាវុធរបស់ខ្លួន។ សមាជិកសភាបានអំពាវនាវឱ្យឃ្លាំងអាវុធរបស់យោធាត្រូវបានបំពេញបន្ថែមក្នុងសម័យប្រជុំនីតិបញ្ញត្តិបច្ចុប្បន្ន ដោយអះអាងថា រដ្ឋាភិបាលបានអូសទាញប្រធានបទនេះអស់រយៈពេលជាច្រើនឆ្នាំ។

លោកស្រី Hoegl បានកត់សម្គាល់ថា ដោយផ្តោតលើការការពារជាតិ អាល្លឺម៉ង់នឹងត្រូវកាត់បន្ថយការចូលរួមរបស់ខ្លួននៅក្នុងបេសកកម្មអន្តរជាតិ។


កាលពីខែតុលា សារព័ត៌មាន Business Insider បានរាយការណ៍ថា យោធាអាឡឺម៉ង់គ្រាន់តែមានគ្រាប់រំសេវសម្រាប់សង្គ្រាមមួយ ឬពីរថ្ងៃប៉ុណ្ណោះ ដោយបានលើកឡើងពីប្រភពឧស្សាហកម្មការពារជាតិ និងសភា។ ខណៈពេលដែលបញ្ហាបានកើតមានអស់ជាច្រើនឆ្នាំ វាកាន់តែធ្ងន់ធ្ងរនៅពេលដែលអាល្លឺម៉ង់ចាប់ផ្តើមផ្តល់អាវុធដល់អ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងប៊ែរឡាំងនៅតែផ្គត់ផ្គង់អង្គភាពដំបូងនៃប្រព័ន្ធការពារដែនអាកាស IRIS-T ទំនើបបំផុតរបស់ខ្លួនដល់ទីក្រុងគៀវកាលពីខែមុន។ យានជំនិះបីគ្រឿងទៀត ដែលផ្សំឡើងពីយានបញ្ជា យានរ៉ាដា និងឧបករណ៍បាញ់បង្ហោះ ត្រូវបានគេរំពឹងថានឹងទៅដល់ប្រទេសអ៊ុយក្រែនក្នុងឆ្នាំ 2023។


ទន្ទឹមនឹងនេះ យោធារបស់អាល្លឺម៉ង់មិនទាន់ទទួលបានប្រព័ន្ធ IRIS-T ដែលមានមូលដ្ឋានលើដីនៅឡើយទេ ដែលជាការពិតមួយដែលបានបង្ខំអ្នកនយោបាយមួយចំនួនឱ្យលើកឡើងពីការព្រួយបារម្ភថាប្រទេសនេះកំពុងបំពាក់អាវុធដល់អ៊ុយក្រែនដោយចំណាយលើសមត្ថភាពការពាររបស់ខ្លួន៕

ប្រភព៖ RT

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២