ព្រោះតែបញ្ហានេះ អ៊ុយក្រែនចាប់ផ្តើមជម្លៀសអ្នកស្រុកចេញពីតំបន់ Kherson និងMykolaiv

អាជ្ញាធរអ៊ុយក្រែនបានចាប់ផ្តើមជម្លៀសជនស៊ីវិលពីផ្នែកដែលត្រូវបានរំដោះនាពេលថ្មីៗនេះនៃតំបន់ Kherson និង Mykolaiv ដោយបារម្ភពីការកង្វះកំដៅថាមពល និងទឹកដោយសារតែការបាញ់ផ្លោងរបស់រុស្ស៊ីនឹងធ្វើឱ្យលក្ខខណ្ឌមិនអាចរស់នៅបានក្នុងរដូវរងានេះ។ អាជ្ញាធរបានជំរុញឱ្យប្រជាជននៅតំបន់ភាគខាងត្បូងទាំងពីរ ដែលកងកម្លាំងរុស្ស៊ីបានបាញ់ផ្លោងជាច្រើនខែមកហើយនោះ ឱ្យផ្លាស់ទីទៅកាន់តំបន់ដែលមានសុវត្ថិភាពជាងនៅភាគកណ្តាល និងភាគខាងលិចនៃប្រទេស។

ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន Iryna Vereshchuk បាននិយាយកាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលនឹងផ្តល់មធ្យោបាយធ្វើដំណើរ ការស្នាក់នៅ និងការថែទាំសុខភាពសម្រាប់ពួកគេ ដោយផ្តល់អាទិភាពដល់ស្ត្រីដែលមានកូន និងមនុស្សចាស់។

ការជម្លៀសកំពុងធ្វើឡើងជាងមួយសប្តាហ៍បន្ទាប់ពីអ៊ុយក្រែនដណ្តើមបានទីក្រុង Kherson មកវិញនៅច្រាំងខាងលិចនៃទន្លេ Dnieper និងតំបន់ជុំវិញនៅក្នុងសមរភូមិប្រយុទ្ធដ៏សំខាន់មួយ។

ចាប់តាំងពីពេលនោះមក រហូតមកដល់រដូវរងារ អ្នកស្រុក និងអាជ្ញាធរកំពុងគិតថាតើថាមពល និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតប៉ុន្មានដែលជនជាតិរុស្សីបានបំផ្លាញ មុនពេលដកថយ ឬបានខូចខាតកាលពីសប្តាហ៍មុន។

អ៊ុយក្រែនត្រូវបានគេស្គាល់ដោយសារអាកាសធាតុរដូវរងាដ៏អាក្រក់ ហើយព្រិលបានគ្របដណ្តប់លើទីក្រុង Kyiv រដ្ឋធានី និងផ្នែកផ្សេងទៀតនៃប្រទេស។ រុស្ស៊ីបាននឹងកំពុងវាយលុកបណ្តាញអគ្គិសនីរបស់អ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតចេញពីអាកាសអស់រយៈពេលជាច្រើនសប្តាហ៍ ដែលបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនី និងធ្វើឱ្យប្រជាជនអ៊ុយក្រែនរាប់លាននាក់គ្មានអគ្គិសនី កំដៅ និងទឹកប្រើប្រាស់។ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និយាយថា ជាង ៥០ ភាគរយនៃកន្លែងថាមពលរបស់ប្រទេសត្រូវបានខូចខាតដោយសារការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី៕

ប្រភព៖ Al Jazeera

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២